ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ថា គិតត្រឹមម៉ោង២៣យប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកប៉ះពាល់ជាមួយ រដ្ឋមន្ដ្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ចំនួន៦២៨នាក់ ត្រូវបានធ្វើតេស្តវត្ថុសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់ ហើយក្រសួងកំពុងបន្តការស្រាវជ្រាវអ្នកប៉ះពាល់បន្ដទៀត។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រោយពីទទួលបានសេចក្ដីជូនព័ត៌មាន ស្ដីពីករណីវិជ្ជមានវិរុសកូវីដ-១៩ របស់រដ្ឋមន្ដ្រីការបរទេសហុងគ្រី ក្នុងពេលដែលគាត់កំពុងបំពេញបេសកកម្ម ផ្លូវការនៅប្រទេសថៃ កាលពីថ្ងៃទី៤ វិច្ឆិកា ។បន្ទាប់មកទៀត ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការស្រា វជ្រាវភ្លាមៗ ដើម្បីរកអ្នកដែលបានប៉ះពាល់ជាមួយ រដ្ឋមន្ដ្រីការបរទេសហុងគ្រី ក្នុងរយៈពេលដែលបាន ធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី៣ វិច្ឆិកា ហើយបាននិងកំពុងយកវត្ថុសំណាកអ្នកដែលប៉ះពា ល់ទៅវិភាគវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ក្រសួងសុខាភិបាល បញ្ជាក់ថា «គិតត្រឹមម៉ោង២៣យប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកប៉ះពាល់សរុប ចំនួន៦២៨នាក់ ត្រូវបានធ្វើតេស្តវត្ថុសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់ ហើយក្រសួងកំពុងបន្តការស្រាវជ្រាវ និងជម្រាបជូនសាធារណជន នៅពេលទទួលបានលទ្ធផលវិភាគវត្ថុសំណាកជាបន្ដបន្ទាប់ទៀត»។
ក្រសួងសុខាភិបាល សូមក្រើនរំលឹក និងធ្វើការអំពាវនាវសារជាថ្មីម្ដងទៀត ប្រជាពលរដ្ឋទាំងអស់ បន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជូននូវវិធានការការពារខ្លួន ត្រូវពាក់ម៉ាស់ (ក្នុងករណីចាំបាច់) ជាពិសេស នៅពេលចល័តធ្វើដំណើរ និងពេលជួបមនុស្សច្រើន ប្រើកន្សែង ឬក្រម៉ាខ្ចប់មាត់ពេលក្អកកណ្ដាស់ សម្អាតដៃជាប់ជាប្រចាំ រក្សាសុវត្ថិភាពសង្គម និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង ដើម្បីចៀសវាងការចម្លងវិរុសកូវីដ-១៩ ដែលអាចកើតមានឡើងគ្រប់ពេលវេលា គ្រប់កាលទេសៈ និងគ្រប់ទីកន្លែង។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញជំងឺកូវីដ-១៩ ចំនួន២៩២នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយទូទាំងប្រទេស ចំនួន២៨៦នាក់ ហើយអ្នកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ចំនួន៦នាក់៕