បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃពុធនេះ បានមានប្រសាសន៍ថា ប្រទេសចិននឹងនាំចូល នូវទំនិញមានទំហំទឹកប្រាក់ ២២ពាន់ពាន់លានដុល្លារ នៅទសវត្សក្រោយ ហើយប្រទេសចិន នឹងបង្កើនសន្ទុះការបើកចំហរបស់ខ្លួន បើទោះជាមានការឆ្លងរាតត្បាត មេរោគកូរ៉ូណាលើពិភពលោកក៏ដោយ។
ថ្លែងតាមសារវីដេអូ នៅពិធីបើកពិព័រណ៍ នាំចូលអន្តរជាតិចិន ថ្ងៃទី០៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ដែលជាពិធីពិព័រណ៍ នាំចូលប្រចាំឆ្នាំ នៅក្នុងទីក្រុងសៀងហៃនោះ លោកប្រធានាធិបតីចិន បានថ្លែងថា ពិភពលោកមិនគួរអនុញ្ញាត ឲ្យភាពឯកតោភាគីនិយម និងអភិរក្សនិយម ធ្វើឲ្យប៉ះពាល់ ដល់ការបញ្ជាទិញអន្តរជាតិនោះទេ។
តាមរយៈសារវីដេអូនោះ លោក ស៊ី ជីនពីង តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងគួរតែប្រកាន់គោលជំហរ ប្រកបដោយអំណោយផលល្អ ដើម្បីធ្វើកំណែទម្រង់ ប្រព័ន្ធអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក និងលើកកម្ពស់ សេដ្ឋកិច្ចពិភពលោកបើកចំហ”៕ ប្រែសម្រួល៖ប៉ាង កុង