តូក្យូ៖ ប្រភពពីរដ្ឋាភិបាល បានឲ្យដឹងថា ប្រទេសជប៉ុន និងប្រទេសចិន បានព្រមព្រៀងជាមូលដ្ឋាន ក្នុងការធ្វើដំណើរធុរកិច្ច រវាងប្រទេសទាំងពីរឡើងវិញ នៅពាក់កណ្តាលខែវិច្ឆិកា ក្នុងជំហានមួយ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចប្រទេសទាំងពីរ ពឹងផ្អែកគ្នាទៅវិញទៅមក ដែលរងការវាយប្រហារ ដោយជំងឺឆ្លងរាតត្បាត។
ការបន្ធូរបន្ថយ នៃការរឹតត្បិតការធ្វើដំណើរ នឹងគ្របដណ្តប់លើអ្នកជំនួញ រយៈពេលខ្លី និងវែង ហើយបន្ទាប់ពីការចរចា ចាប់តាំងពីខែកក្កដា រវាងប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចលំដាប់ទី ២ នៅលើពិភពលោក និងប្រទេសជប៉ុន ដែលជាប្រទេសធំជាងគេទី ៣ នៅពេលដែលត្រូវបើកព្រំដែន របស់ប្រទេសទាំងពីរឡើងវិញ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga ដែលបានចូលកាន់តំណែង កាលពីខែកញ្ញា បានយល់ព្រម ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាមទូរស័ព្ទលើកដំបូង នៅក្នុងខែតែមួយ ដើម្បីបន្តការចរចារបស់ពួកគេ ក្នុងក្តីសង្ឃឹមថា នឹងបន្តដំណើរអាជីវកម្មយ៉ាងឆាប់រហ័ស។
យោងតាមទិន្នន័យ ពីអង្គការទេសចរណ៍ជាតិជប៉ុន បានឱ្យដឹងថានៅឆ្នាំ២០១៩ ប្រទេសចិន មានចំនួនភ្ញៀវទេសចរបរទេសច្រើនបំផុត ទៅកាន់ប្រទេសជប៉ុន ដោយមានប្រជាជនប្រមាណ ៩,៥៩ លាននាក់ ក្នុងនោះមានប្រហែល ៣៧០.០០០ នាក់ សម្រាប់អាជីវកម្ម៕ ដោយ៖ ឈូក បូរ៉ា