Covid-19

អ្នកជំនាញ៖ ជាការលឿនពេក សម្រាប់​ធ្វើការវិភាគ​ពីផលប៉ះពាល់ រលកទី២ នៃកូវីដ១៩ មានហានិភ័យបែបណា លើ​វិស័យអចលនទ្រព្យ

ភ្នំពេញ៖  ប្រធានក្រុមប្រឹក្សាសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ហៅកាត់ថា CREA លោក ឃាង ពុទ្ធី  បានថ្លែងឱ្យដឹងថា គេមិនគួរប្រញាប់ប្រញាល់ ធ្វើការវិភាគ​លឿននោះទេ នៅក្នុងដំណាក់កាល​រលក​ទី២ នៃកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មកលើ​វិស័យអចលនទ្រព្យ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃចន្ទ ១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ពុទ្ធី បានលើកឡើងថា “វាការលឿនពេក ដែលយើងធ្វើការវិភាគថា ជំងឺកូវីដ១៩ រលកទី២នេះ មានហានិភ័យប៉ុណ្នា មានហានិភ័យប៉ុណ្ណា។ យើងគួរតែ​រង់ចាំ​មើលលទ្ធផល និងវិធានការផ្សេងៗរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​ និងថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលកំពុងធ្វើការ​យ៉ាង​សស្រាក់សស្រាំ ម៉ឺងម៉ាត់ និងច្បាស់លាស់។”

ប្រធានក្រុមប្រឹក្សាភិបាលCREA ក៏បានសំណូមពរឱ្យបងប្អូនដែលប៉ះពាល់ ដោយផ្ទាល់ និងមិនផ្ទាល់ ចូលរួម ឱ្យបានខ្ជាប់ខ្ជួនទៅនឹងការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការធ្វើ ចត្តឡីស័ក រឺការដាក់ខ្លួនឱ្យដាច់ឡែក ឱ្យបាន ច្បាស់លាស់ ជៀសវាងបង្ក ផលប៉ះពាល់ ចម្លងទៅអ្នកដទៃ។

លោកពុទ្ធី បន្ថែមថា ប្រសិនបើយើងចូលរួមសហការទាំងអស់គ្នា ទាំងអ្នកប៉ះពាល់ ផ្ទាល់ និងដោយប្រយោល ព្រឹត្តិការណ៍៣វិច្ឆិកា នោះស្ថានភាពនឹងល្អវិញ នៅចុងខែវិច្ឆិកានេះ ឬដើមខែធ្នូ។

លោកបន្ថែមថា “ហើយទីផ្សារអចលនទ្រព្យ នឹងមានទីផ្សារល្អមកវិញដើមឆ្នាំក្រោយ មិនចាំដល់ឆ្នាំ២០២២ទេ ដូចយើងឃើញ ក្រុមហ៊ុនផលិត Vaccine បានប្រកាស ធ្វើតេស្តរបស់ពួកគាត់​ បានលទ្ធផលជោគជ័យ និងប្រសិទ្ធិភាព បានជាង៩០ភាគរយ ”។

មិនតែប៉ុណ្ណោះ លោក ពុទ្ធី ក៏បានច្រាននូវការវិភាគណាមួយ ដែលមិនមាន មូលដ្ឋាន ច្បាស់លាស់ និងការវិភាគលឿន ព្រោះលទ្ធផលយ៉ាងណាៗ គេមិនទាន់ដឹងនៅឡើយ បើជាបានឈានមកដល់ដំណាក់ទី២ នៃកូវីដ១៩នៅកម្ពុជា ហើយគេកំពុង រង់ចាំ មើលលទ្ធផលទាំងអស់គ្នា ព្រោះកន្លងមកកម្ពុជា ធ្លាប់បទពិសោធន៍ ក្នុងការបង្ការ ទប់ស្កាត់ជំងឺ Covid19 ទទួល បានលទ្ធផលល្អដែរ។

ការលើកឡើងរបស់លោក ពុទ្ធី ធ្វើឡើងក្រោយពីការវិភាគខ្លះថា វិស័យអចលន​ទ្រព្យរងផលប៉ះពាល់ ពីដំណាក់ទី២កូវីដ នៅកម្ពុជាក្រោយព្រឹត្តិការណ៍៣វិច្ឆិកា ហើយនៅ​ឆ្នាំ២០២២ ទើបរើបឡើងវិញ។

តែយ៉ាងណាក៏ដោយ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល បង្ហាញឱ្យនៅ​ថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០២០ ថា វត្ថុសំណាកវិភាគសរុបលើកទី៣ ចំនួន១.៣៥២ គឺអវិជ្ជមាន​កូវីដ១៩ ទាំងអស់ ទាក់ទៅនឹងព្រឹត្តិការណ៍៣វិច្ឆិកា៕

ដោយ៖ សយ សុជាតា

To Top