បរទេស៖ ប្រទេសថៃ បានរកឃើញករណីឆ្លងថ្មីរបស់ជំងឺកូវីដ១៩ ចំនួន ១៩នាក់ថែមទៀត នៅថ្ងៃសុក្រ ដែលនាំឱ្យថៃមានអ្នកជំងឺនេះសរុបបានកើនឡើងដល់ ៣.៩៦១ នាក់ និងមានអ្នកស្លាប់ចំនួន ៦០នាក់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព Covid-19 (CCSA) បាននិយាយថា ករណីថ្មីនេះ បាននាំចូលមកពី ១១ ប្រទេស ក្នុងនោះ គឺ ៤នាក់មកពីអារ៉ាប៊ីសាអូឌីត ( ៣ នាក់ជានិស្សិតថៃ ) ។
CCSA បានរាយការណ៍ថា ក្នុងចំណោមករណីឆ្លងជំងឺសរុប ៣.៩៦១ ករណី គឺមាន ៣.៧៩០ នាក់ ឬ ៩៥,៦% បានព្យាបាលឱ្យជាសះស្បើយ និង អ្នកជំងឺ ចំនួន ១១១ នាក់ ស្ថិតនៅក្នុងមន្ទីរពេទ្យ ចំណែក ចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរ គឺមានចំនួន ៦០នាក់ ដដែល៕ប្រែសម្រួលៈ ណៃ តុលា