Covid-19

សម្ដេច ទៀ បាញ់ និងអ្នកនៅជុំវិញខ្លួន ដែលជាប់ពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ធ្វើតេស្តរកមេរោគកូវីដ-១៩ រួចរាល់

ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ដែលជាប់ពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានធ្វើតេស្តរកមេរោគកូវីដ-១៩ រួចរាល់ហើយ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២០នេះ និងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ផងដែរ ។

តាមរយៈ បណ្ដាញសង្គមហ្វេសប៊ុករបស់ សម្ដេច ទៀ បាញ់ នៅព្រឹកថ្ងៃទី២ ធ្នូ នេះ បានឲ្យដឹងថា «ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ខ្ញុំ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ដែលមានការពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានធ្វើតេស្តរកមេរោគកូវីដ-១៩ រួចរាល់ហើយ។ ខ្ញុំ ក៏ដូចជាសហការី និងអ្នកនៅជុំវិញខ្លួនទាំងអស់ នឹងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងអនុវត្តវិធានការនានា តាមការណែនាំ របស់ក្រសួងសុខាភិបាល»។

សម្ដេច បន្ដថា «សូមបងប្អូន ដែលមានការពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទាំងដោយផ្ទាល់ និងដោយប្រយោល ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ក្នុងន័យរួមគ្នាបង្ការ ការរីករាលដាលនៃមេរោគនេះ»។

សម្ដេច ទៀ បាញ់ ក៏បានអំពាវនាវទៅ xដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តនូវរាល់វិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយបន្តចៀសវាងការជួបជុំ ដែលមានមនុស្សច្រើន ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃ ជាមួយសាប៊ូ ឬអាល់កុល បន្តរក្សាគម្លាតឆ្ងាយពីគ្នា និងកុំចាកចេញពីផ្ទះបើមិនចាំបាច់៕

ដោយ ៖ អេង ប៊ូឆេង

To Top