Covid-19

ប្រមុខការពារជាតិ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួនទាំងអស់ ទទួលលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានទទួលលទ្ធផលតេស្តរកមេរោគកូវីដ-១៩ គឺអវិជ្ជមានទាំងអស់។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាង ដូច្នេះថា «ខ្ញុំ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានទទួលលទ្ធផលតេស្តរកមេរោគកូវីដ-១៩ គឺអវិជ្ជមានទាំងអស់។ ខ្ញុំ ក៏ដូចជាសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួនទាំងអស់ នឹងបន្តធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល»។

ជាមួយគ្នានេះសម្ដេចក៏បានអំពាវនាវ ដល់បងប្អូនដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទាំងអស់ បន្តចូលរួមធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់ ។ សូម បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួម ទប់ស្កាត់ និងការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ តាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។

ឆ្លៀតក្នុងឱកាសនេះ សម្ដេច សូមថ្លែងអំណរគុណនិងជូនពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្ញេីសារជូនពរខ្ញុំ ទទួល បាន សុខ ភាព ល្អ បរិបូរណ៍ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ។

សូមរំលឹកថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់បានចំនួន ៨,៧៦៦នាក់ ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន១៩នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ-១៩ សរុបចំនួន ៣៣១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ សរុបចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ២៧នាក់ (គ្មានអ្នកស្លាប់)៕

To Top