Covid-19

ក្រសួងសុខាភិបាល និងអាជ្ញាធររាជធានី សម្រេចយក ពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ពិនិត្យសំណាក ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា លើកទី២

ភ្នំពេញ៖ ក្រសួងសុខាភិបាល និងអាជ្ញាធរភ្នំពេញ
បានសម្រេចជ្រើសរើស យកទីតាំងពហុកីឡាដ្ឋានជាតិ អូឡាំពិក ធ្វើជាកន្ដែងយកសំណាក សម្រាប់ប្រជាពលរដ្ឋដែលសង្ស័យថា មានជំងឺcovid -19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី០៨ធ្នូខាងមុខនេះ។

ដើម្បីអោយដំណើរការ នៃការរៀបចំទីតាំងថ្មីខាងលើនេះ ដំណើរការទៅបានរលូន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះពិនិត្យទីតាំងខាងលើ ជាមួយនឹងការណែនាំ អោយរៀបចំ សណ្ដាប់ធ្នាប់ ការរៀបចំណត សម្រាប់ប្រជាពលរដ្ឋ ដែលត្រូវមកពិនិត្យ យកសំណាកជាលើកទី២ និងការរៀបចំរោងបំពាក់ ដោយម៉ាស៊ីនត្រជាក់ និងបង្គន់អនាម័យផងដែរ។

លោក ឃួង ស្រេង បានណែនាំអោយមន្ត្រីនិងកម្លាំងពាក់ព័ន្ធ ក្នុងនាមជាអាជ្ញាធរដែនដី ត្រូវជួយទៅលើការរៀបចំ សណ្តាប់ធ្នាប់ សន្តិសុខពីខាងក្នុង និងក្រៅពហុកីឡាដ្ឋានជាតិអូឡាំពិកនេះ។

ជាមួយគ្នានោះដែរ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ការជ្រើសរើសយកទីតាំង ពហុថាពហុកីឡាដ្ឋានជាតិអូឡាំពិក ដោយសារទីតាំងមានលក្ខណៈ ធំទូលាយ និងដើម្បីបង្រួមកន្លែងពិនិត្យ យកសំណាក ដែលមានជាច្រើនកន្លែងនៅក្នុងរាជធានីភ្នំពេញ មកប្រមូលផ្ដុំគ្នា តែមួយកន្លែង ។

ដោយឡែក ការពិនិត្យយកសំណាក នៅក្រសួងមហាផ្ទៃនិងស្ថាប័នជាតិ មួយចំនួនទៀត នៅរក្សាដដែល ដោយរក្សាដើម្បីពិនិត្យ យកសំណាកជាលើកទី២ សម្រាប់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ។

លោកស្រី ក៏បានបញ្ជាក់ផងដែរថា ទីតាំងខាងលើនេះនិងធ្វើជាកន្លែងត្រួតពិនិត្យ យកសំណាក ចំពោះប្រជាពលរដ្ឋ ដែលសង្ស័យថា មានជម្ងឺកូវីដ–១៩ ចំនួនប្រមាណ ៥០០០ ទៅ៦០០០នាក់ នាថ្ងៃទី ០៨ខែធ្នូខាងមុខនេះ។

លោកស្រី ក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ក្រសួងសុខាភិបាល បានធ្វើការពិនិត្យសំណាក ទៅលើជនសង្ស័យថា បានពាក់ព័ន្ធនឹងកូវីដ–១៩នេះ ចំនួន៨០០០នាក់ ក្នុងនោះរកឃើញ ប្រជាពលរដ្ឋដែលមាន វិជ្ជមានកូវីដ–១៩ចំនួន១៩នាក់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការងារនេះ មិនទាន់បញ្ចប់ទេ ដោយក្រុមការងារ របស់ក្រសួង និងពិនិត្យយកសំណាក់ នៅថ្ងៃ០៨ធ្នូជាលើកទី២ និងជាលើកទី៣ នៅថ្ងៃទី១២ធ្នូខាងមុខ៕


To Top