បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ ប្រទេសជាច្រើន ដូចជាចិន សហរដ្ឋអាមេរិក និងឥណ្ឌាជាដើមបានធ្វើការងារសិក្សាស្រាវជ្រាវ និងផលិតវ៉ាក់សាំង ជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ។ ក្នុងចំណោមប្រទេសទាំងនេះ ល្បឿននិងគុណភាពនៃការសិក្សាស្រាវជ្រាវ និងផលិតវ៉ាក់សាំងជំងឺកូវីដ១៩របស់ចិន គួរឱ្យកត់សម្គាល់ដែលត្រូវប្រទេសនានា លើពិភពលោក ទទួលស្គាល់ជាទូទៅ ។
បច្ចុប្បន្ននេះ ប្រទេសចិនមានវ៉ាក់សាំងចំនួន៥ប្រភេទ បានធ្វើតេស្តលើមនុស្សដំណាក់កាលទីបី នៅប្រទេសជាច្រើន លទ្ធផលជាជំហានដំបូង បានបង្ហាញនូវសុវត្ថិភាពដ៏ល្អប្រសើរ ។ ដូច្នេះ ប្រទេសជាច្រើន បានសំដែងការគាំទ្រ ចំពោះវ៉ាក់សាំងរបស់ចិន តាមរយៈការអនុវត្តជាក់ស្តែង រហូតដល់មានមេដឹកនាំកំពូលរបស់ប្រទេសជាច្រើន បានកោតសរសើរចំពោះប្រទេសចិន ជាសាធារណៈ ដើម្បីទទួលស្គាល់នូវប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងរបស់ចិន ។
ពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេសបានផ្សាយដំណឹងថា លោក Mohammed bin Rashid Al Maktoum អនុប្រធានាធិបតីនិងជានាយករដ្ឋមន្ត្រីអេមីរ៉ាតអារ៉ាប់រួមបានចែករំលែកតាមបណ្តាញទំនាក់ទំនងសង្គម នូវរូបថតដែលលោកកំពុងចាក់វ៉ាក់សាំង ជំងឺកូវីដ១៩នៃក្រុមហ៊ុន Sinopharm របស់ចិនកាលពីថ្ងៃទី៣ខែវិចិ្ឆកា ។
តាមការផ្សាយឱ្យដឹងថា នៅពេលមុននេះ មានមន្ត្រីអេមីរ៉ាតអារ៉ាប់រួម១០នាក់ផ្សេងទៀតបានចាក់វ៉ាក់សាំង ជំងឺកូវីដ១៩ហើយ ក្នុងនោះបូករួមទាំងរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីកិច្ចការ គណៈរដ្ឋមន្ត្រីរបស់ប្រទេសនេះ ហើយប្រទេសមជ្ឈិមបូព៌ាដូចជា បារ៉ែន អេហ្ស៊ីប និងហ៊្សកដានី ជាដើម ក៏បានចូលរួមការពិសោធន៍ដំណាក់កាលទីបីនៃវ៉ាក់សាំងជាបន្តបន្ទាប់ផងដែរ ។
ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលអ៊ូសបេគីស្ថានបានប្រកាសថា នឹងធ្វើតេស្តលើមនុស្សដំណាក់កាលទីបី ចំពោះវ៉ាក់សាំងរបស់ចិន មួយប្រភេទនៅអ៊ូសបេគីស្ថាន ។ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ និងច្នៃប្រឌិតថ្មីរបស់អ៊ូសបេគីស្ថាន បានថ្លែងថា សុវត្ថិភាពនៃវ៉ាក់សាំងដែលផលិតដោយប្រទេសចិន គឺខ្ពស់ជាងវ៉ាក់សាំងស្រដៀងគ្នា ផ្សេងទៀតយ៉ាងឆ្ងាយ ។
កាលពីខែកញ្ញា ឆ្នាំនេះ លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនបានថ្លែងអំពីវ៉ាក់សាំងរបស់ចិនថា លោកមានទំនោរក្នុងការទិញវ៉ាក់សាំង ជំងឺកូវីដ១៩ពីប្រទេសចិននិងរុស្ស៊ី ។ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍សង្ឃឹមខ្ពស់ថា ប្រសិនបើវ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ប្រទេសចិន អាចប្រើប្រាស់បាន នៅចុងឆ្នាំ២០២០នេះ នោះនឹងអំណោយផល ដល់ការស្តារឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា ។
គិតមកទល់បច្ចុប្បន្ននេះ ប្រទេសដែលបានកក់ទិញវ៉ាក់សាំងរបស់ចិនរួម មានឥណ្ឌូនេស៊ី ប្រេស៊ីល ម៉ិកស៊ិក ម៉ាឡេស៊ី តួកគីនិងហ្វីលីពីនជាដើម ។ ទន្ទឹមនឹងប្រទេសចិន បានបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ ក្របខ័ណ្ឌប្រើប្រាស់វ៉ាក់សាំងចិន នឹងត្រូវពង្រីកថែមមួយកម្រិតទៀត ។ ចិនរីករាយ ធ្វើកិច្ចសហប្រតិបត្តិការខាងវ៉ាក់សាំងជាមួយប្រទេស កាន់តែច្រើនឡើងៗ ដើម្បីរួមគ្នាយកឈ្នះលើ ជំងឺកូវីដ១៩ ៕