ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានធ្វើការបកស្រាយ ចំពោះករណី ពលករខ្មែរម្នាក់ ដែលទើបមកពី ប្រទេសម៉ាឡេស៊ី បានរងរបួសធ្ងន់ ដោយសារលោត ពីលើអគារសណ្ឋាគារ ឡង លីវ ក្នុងពេលធ្វើចត្តាឡីស័ក ដោយលោកស្រី បានអះអាងថា បុគ្គលនេះ ភ្លាត់ជើងធ្លាក់ ដោយសារភាពរវើរវាយ នៃឥទ្ធិពលថ្នាំញៀន បញ្ហាជំពាក់លុយ គេច្រើន ដែលពាក់ព័ន្ធនឹង គ្រឿងញៀននេះ ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ បកស្រាយ តាមប្រព័ន្ធតេឡេក្រាម នៅព្រឹកថ្ងៃទី១១ខែធ្នូនេះថា “ដោយសារមានការសាកសួរ ច្រើនលើក ករណីបុរស ធ្វើចត្តាឡីស័ក នៅសណ្ឋាគារ ឡង លីវ លោតពីជាន់ទី៥ ( នៃអគារសណ្ឋាគារ ឡង លីវ ) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ហើយកំពុងតែសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ខ្ញុំសូមជម្រាបជូនសាធារណជន ឲ្យបានជ្រាបថាៈ បុគ្គលនេះ កំពុងតែសង្គ្រោះ នៅមន្ទីរ ពេទ្យមិត្តភាព ខ្មែរ-សូវៀត ដែលបច្ចុប្បន្ន បានដឹងខ្លួន និងនិយាយបានខ្លះៗហើយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយទេ “។
ជនរងគ្រោះ ឈ្មោះ សួន វាសនា អាយុ២៣ឆ្នាំ ដែលទើបមកពី ប្រទេសម៉ាឡេស៊ីនោះ ហើយក្រសួងសុខាភិបាល តម្រូវឲ្យធ្វើចត្តាឡីស័ក ស្នាក់ក្នុងបន្ទប់ ៥១១ នៅសណ្ឋាគារ ឡង លីវ ស្ថិតនៅតាមផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយបានលោតពីលើ អគារសណ្ឋាគារ ក្នុងគោល បំណងធ្វើអត្តឃាត បណ្តាលអោយធ្លាយដំបូល សាលារៀនសុធារស និងរងរបួសធ្ងន់ កាលពីម៉ោងប្រហែល ១០ ព្រឹក ថ្ងៃទី១០ ខែធ្នូ
យ៉ាងណាក៏ដោយ លោកស្រីវេជ្ជបណ្ឌិត បន្ថែមថា “តាមការសាកសួរ បុគ្គលនេះផ្ទាល់ គឺគាត់ភ្លាត់ជើងធ្លាក់មក ដោយសារភាពរវើរវាយ របស់គាត់ ដែលជាឥទ្ធិពល នៃការប្រើប្រាស់ ថ្នាំញៀនម្យ៉ាងក៏មាន ការពាក់ព័ន្ធនឹងបញ្ហា ជំពាក់លុយគេច្រើន ដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ” ។ “ការធ្វើតេស្ត ទឹកនោមគាត់ គឺឃើញមានសារធាតុញៀន ប្រភេទអំហ្វេតាមីន។ គាត់មានលទ្ធផល តេស្តអវិជ្ជមាន វីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វើចត្តាឡីស័កបន្ត នៅសណ្ឋាគារ ឡង លីវ តាំងពីថ្ងៃទី២ ខែធ្នូ មកម្ល៉េះ។ ដូច្នេះ ជារឿងផ្ទាល់ខ្លួនគាត់ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នោះឡើយ”។
យ៉ាងណាក៏ដោយ នេះជាករណីទី១ សម្រាប់ការធ្វើចត្តាឡីស័ក ដែលមានហេតុការណ៍នេះ កើតឡើង៕
ដោយ៖ សយ សុជាតា