វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានរាយការណ៍ថាមានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ មានការកើនឡើងជាង ៤០០,០០០ករណី ក្នុងរយៈពេលតែមួយថ្ងៃ កាលពីថ្ងៃសុក្រ ដោយបានបង្កើតកំណត់ត្រាពិភពលោកថ្មីមួយ ដែលអាប់អួរបំផុត ខណៈដែលប្រទេសនេះកំពុងត្រៀមចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ លើកទី ២ ដល់រដ្ឋនានា។
សរុបចំនួន ៤០៣,៣៥៩ ករណីថ្មី និងការស្លាប់ ២,៧៥៦ នាក់ ត្រូវបានរាយការណ៍នៅទូទាំងប្រទេស កាលពីថ្ងៃសុក្រ នេះបើយោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាព កាលពីថ្ងៃសៅរ៍ដោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) ។
ទិន្នន័យថ្មីនេះបានធ្វើឱ្យករណីប្រចាំថ្ងៃជាមធ្យម ៧ ថ្ងៃកើនឡើងដល់កម្រិតខ្ពស់បំផុត គឺ ២៣៨,៩២៣ ករណី ហើយការស្លាប់ប្រចាំថ្ងៃជាមធ្យម ៧ ថ្ងៃកើនឡើងដល់ជាង ២៥០០នាក់ ។
យោងតាមទិន្នន័យចុងក្រោយនៃគម្រោងតាមដានជំងឺកូវីដ-១៩ មានចំនួនមនុស្ស ១១៤,៧៥១ នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះ។ គម្រោងនេះបានឲ្យដឹងថា“ ១៧ ថ្ងៃគិតមកដល់ខែធ្នូ ក្នុងខែនេះគឺជាការរាតត្បាតធ្ងន់ធ្ងរបំផុតទី២ រួចទៅហើយ”៕ដោយ ឈូក បូរ៉ា