ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា បើទោះជាព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវបានបិទបញ្ចប់ តែការគំរាមកំហែង នៅមានកម្រិតខ្ពស់ ជាពិសេស បន្ទាប់ពីយើងបានរកឃើញ ករណីវិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋ ដែលចូលមកពីប្រទេសថៃ។ នេះបើយោងតាមហ្វេសប៊ុកផេក របស់សម្ដេច ទៀ បាញ់។
ក្នុងឱកាសនេះ សម្ដេចពិជ័យសេនា ក៏បានណែនាំ បងប្អូនទាំងអស់គ្នា បន្តចៀសវាងការជួបជុំ ដែលមានមនុស្សច្រើន ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃ ជាមួយសាប៊ូឬអាល់កុល បន្តរក្សាគម្លាតឆ្ងាយពីគ្នា និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរាល់វិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ។
សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លង ជំងឺកូវីដ១៩សរុប ចំនួន៣៨៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៣៦២នាក់ និងកំពុងសម្រាកព្យាបាល ចំនួន២៤នាក់ (គ្មានអ្នកស្លាប់)៕