វ៉ាស៊ីនតោន៖ ប្រភពព័ត៌មាន ពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅអាមេរិក បានកើនឡើងដល់កំណត់ត្រាថ្មី ដោយក្នុងមួយថ្ងៃ មានចំនួនរហូតដល់ជិត ៤.៥០០ នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អាមេរិក នៅតែជាប្រទេសមួយ ដែលរងគ្រោះខ្លាំងជាងគេបំផុត ជុំវិញករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រទេសឥណ្ឌា ឈរនៅលេខរៀងទី២ និងប្រេស៊ីល នៅលេខរៀងទី៣។
បច្ចុប្បន្ននេះ ប្រទេសមហាអំណាចមួយនេះ កំពុងបង្កើនការប្រយុទ្ធប្រឆាំង នឹងមេរោគឆ្លងនេះ ដោយមានទាំងការចាក់វ៉ាក់សាំង និងបង្កើនការធ្វើតេស្ដរកមេរោគជាដើម ប៉ុន្ដែបើទោះជាយ៉ាងនេះក្ដី ចំនួនករណីឆ្លងថ្មី និងស្លាប់ប្រចាំថ្ងៃ បានបន្ដកើនឡើងគួរដោយកត់សម្គាល់ ពោលគឺមិនមានការថមថយឡើយ៕ ដោយ៖ ឈូក បូរ៉ា