Covid-19

WHO អះអាងថា បេសកកម្មស្វែង រកប្រភពដើមនៃវីរុសកូវីដ-១៩ នៅទីក្រុងវូហាន គឺឯករាជ្យ

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ក្រុមជំនាញអន្តរជាតិ ស្តីពីបេសកកម្មស្វែងរកប្រភពដើមនៃវីរុសកូវីដ- ១៩ នៅក្នុងទីក្រុងវូហាន គឺ“ ឯករាជ្យ” និងមិនមានទំនាក់ទំនងគ្នានោះទេ។

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ សុខភាពពិភពលោក បានប្រាប់សន្និសីទកាសែតនិម្មិតពីទីក្រុងហ្សឺណែវថា“ ច្រើនដងហើយដែលខ្ញុំលឺថា នេះជាការសិក្សា ឬការស៊ើបអង្កេត របស់អង្គការសុខភាពពិភពលោក វាមិនមែននោះទេ ដោយគូសបញ្ជាក់ថា វាជាការសិក្សាឯករាជ្យ ដែលផ្សំឡើងដោយបុគ្គលឯករាជ្យមកពីស្ថាប័នចំនួន ១០” ។

នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃច័ន្ទលោកបណ្ឌិត Peter Ben Embarek ប្រធានក្រុមអ្នកជំនាញអន្តរជាតិនៅទីក្រុងវូហាន បានឲ្យដឹងថា របាយការណ៍របស់ពួកគេនឹងជា“ ឯកសារឯកភាពមួយ” ។

លោកបានបញ្ជាក់ថា “ក្រុមអ្នកជំនាញអន្ដរជាតិ និងសមភាគីចិន បានឯកភាពគ្នារួចហើយ លើរបាយការណ៍សង្ខេប”។

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញដែលមានអ្នកវិទ្យាសាស្ត្រអន្តរជាតិចំនួន ១៧ នាក់ និងសមភាគីចិនចំនួន ១៧ នាក់កំពុងធ្វើការរួមគ្នា ដើម្បីផ្សព្វផ្សាយ របាយការណ៍រួមគ្នាបណ្តោះអាសន្ន ដែលក្នុងនោះពួកគេនឹងផ្តល់អនុសាសន៍ សម្រាប់ការសិក្សានាពេលអនាគត៕

ដោយ ឈូក បូរ៉ា

To Top