ភ្នំពេញ៖ លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ (CREA) នៅថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១ បានថ្លែងការអបអរសាទរ និងអំណរគុណថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំពោះការយកចិត្តទុកដាក់ ប្រជាពលរដ្ឋ ដោយបានអំពាវនាវឲ្យ ក្រុមហ៊ុនអភិវឌ្ឍ អចលនវត្ថុទាំងអស់ នៅក្នុងប្រទេសកម្ពុជា បន្ធូរបន្ថយ ដល់ប្រជាពលរដ្ឋ ក្នុងការទិញផ្ទះ និងខុនដូរ ក្នុងបរិបទ ការរីករាលដាលជំងឺកូវីដ-១៩។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក ពុទ្ធី បានលើកឡើងថា ការអំពាវនាវនេះ គឺរឿងល្អ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ជាអតិថិជន ក៏ដូចជាក្រុមហ៊ុនសាងសង់។ លោកបន្ថែមថា ក្រុមហ៊ុនអចនលទ្រព្យទាំងនោះ មានទុនគ្រប់គ្រាន់សម្រាប់ការបញ្ចប់គម្រោងតាមការកំណត់ ទោះបីជាមានការបង់យឺតយ៉ាវ ២ទៅ៣ខែយ៉ាងណាក្តី ហើយបើទោះជាយឺតយ៉ាវ ក៏មិនយូរនោះដែរ។
យ៉ាងណាក៏ដោយ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានស្នើនិងលើកទឹកចិត្ត ដល់អតិថិជនទាំងឡាយណា ដែលមានលទ្ធភាព ក៏សូមអញ្ជើញទៅបង់ តាម ការកំណត់ផងដែរ ប្រយោជន៍ជួយសម្រួល ដល់អ្នកឯទៀត ដែលពុំមានលទ្ធភាពបង់។
យោងតាមសេចក្ដី ប្រកាសព័ត៌មានរួម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិ នៃកម្ពុជា នៅថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា ដោយទទួលបានអនុសាសន៍ ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាពីបញ្ហាប្រឈម នៃវិស័យ អចលនវត្ថុ ក្នុងបរិបទនៃការរីករាលដាល ជំងឺកូវីដ-១៩ និងវិធានការ អនុគ្រោះផ្សេងៗ ដល់អ្នកទិញអចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា៕