ភ្នំពេញ ៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល បានប្រកាសផ្អាកដំណើរការលក់ដូរ ក្នុងផ្សារព្រែកតាមាក់ (ចាស់) ស្ថិតក្នុង ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាលទាំងមូល ជាបណ្តោះអាសន្ន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ ។
នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្តាល តំណាងលោក ប៊ុន ផេង អភិបាល ស្រុក បានដឹកនាំមន្រ្តីក្រោមឱវាទ អាជ្ញាធរភូមិ-ឃុំ កងកម្លាំងកងរាជអាវុធហត្ថស្រុក កងកម្លាំងនគរបាលឃុំ ចុះផ្សព្វផ្សាយណែនាំ និងជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្ដប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩។
លោកថា ជាពិសេសនោះ អាជីវករលក់ដូរ ក្នុងផ្សារព្រែកតាមាក់ ដែលមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ មានឈ្មោះ វី វួចលី ភេទស្រី និងឈ្មោះ សែ ផានិត មានទីលំនៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាអាជីវករលក់គ្រឿងអលង្ការ (លក់មាស) នៅក្នុងផ្សារព្រែកតាមាក់ បាននាំប្រពន្ធទៅពិនិត្យ សុខភាពត្រៀមសម្រាកកូន នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (មន្ទីរពេទ្យជប៉ុន) កាលពីថ្ងៃទី៧ មិថុនា ហើយក្រុមគ្រូពេទ្យបានយកសំណាកអ្នកជំងឺខាងលើ ទៅពិនិត្យរកជំងឺកូវីដ-១ ៩ លទ្ធផលចេញមក គឺវិជ្ជមានទាំងពីរនាក់។
ចំពោះអ្នកដែលពាក់ព័ន្ធនឹងអ្នកកើតកូវីដ-១៩ ចំនួន១០នាក់ ផ្សេងទៀតមានឈ្មោះ រួមមាន ៖ ឈ្មោះ ឌីណា ចាន់បូ ភេទស្រី ,ឈ្មោះ វីរៈ ថារី ភេទស្រី ,ឈ្មោះ ប៊ុនណា រ៉ុង ភេទប្រុស ,ឈ្មោះ ចាន់ ធឿន ភេទស្រី ,ឈ្មោះ វ៉ុន ស្រុន ភេទប្រុស ,ឈ្មោះ ស្រេង សុខខេង ភេទស្រី ,ឈ្មោះ ហេង លី ភេទស្រី ,ឈ្មោះ ស្រេង រ៉ូហ្វាត ភេទស្រី ,ឈ្មោះ អ៉ី សុផា ភេទស្រី និងឈ្មោះ ខួច ស្រីមុំ ភេទស្រី។
ជាងនេះទៅទៀត រដ្ឋបាលស្រុកខ្សាច់កណ្តាល ក៏បាន ប្រកាសដល់អ្នកពាក់ព័ន្ធទាំងអស់ មកយកសំណាក ពិនិត្យឲ្យបានគ្រប់ៗគ្នា នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល៕