ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញឱ្យប្រទេសនានា ដើម្បីបិទគម្លាតថវិកាចំនួន ១៦ ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើនល្បឿនឧបករណ៍ការពារជំងឺកូវីដ-១៩ (ACT) ដែលមានគោលបំណងពន្លឿនការអភិវឌ្ឍន៍ផលិតកម្ម និងការទទួលបាននូវសិទ្ធិទទួលបាននូវឧបករណ៍ធ្វើតេស្ដរកជំងឺកូវីដ-១៩ ការធ្វើតេស្ត ការព្យាបាល និងការចាក់វ៉ាក់សាំង មិនត្រូវបានឆ្លើយតបដោយអ្នកចូលរួមក្នុងកិច្ចប្រជុំកំពូល G7 លើកទី ៤៧ នៅចក្រភពអង់គ្លេសនោះឡើយ។
លោក Bruce Aylward ទីប្រឹក្សាជាន់ខ្ពស់របស់អគ្គនាយកអង្គការសុខភាពពិភពលោក បានលើកឡើងថា“ យើងត្រូវតែបិទគំលាតហិរញ្ញប្បទាននោះ។ ពិភពលោក មានធនធានដើម្បីបិទគំលាតពី ១៦ ទៅ ១៧ ពាន់លានដុល្លារ” ។
អ្នកឯកទេសខាងរោគឆ្លងជនជាតិកាណាដា បានលើកឡើងថា ការផ្តល់មូលនិធិ គឺចាំបាច់ដើម្បីធានាថាបណ្តាប្រទេស ដែលមានប្រាក់ចំណូលទាប មានឧបករណ៍ដែលពួកគេត្រូវការ សម្រាប់ការចាក់វ៉ាក់សាំង ប៉ុន្តែក៏ត្រូវអនុវត្តការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងផ្តល់ឱ្យមន្ទីរពេទ្យនូវអុកស៊ីសែនផងដែរ។
លោក Aylward បានបន្ដថា“ យើងបានធ្វើការពិភាក្សាជាច្រើនជាមួយសមាជិក G7 ផ្សេងៗគ្នាដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ” ។ លោកបានបន្ថែមថា លោកសង្ឃឹមថា ដំណោះស្រាយនឹងត្រូវបានរកឃើញនៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុ G20 និងអភិបាលធនាគារកណ្តាលនៅខែកក្កដា ឆ្នាំ២០២១ ។
កម្មវិធីបន្ទាន់ផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននេះថា ខណៈពេលដែលអ្នកចូលរួមនៃកិច្ចប្រជុំកំពូល G7 ដែលទើបតែបញ្ចប់បានសន្យាថា នឹងផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ចំនួន ៨៧០ លានដូស សម្រាប់គំនិតផ្តួចផ្តើមចែកចាយវ៉ាក់សាំងដោយស្មើភាព COVAX ដែលជាផ្នែកមួយនៃ ACT Accelerator ប៉ុន្ដែសំណួរនៃគម្លាតថវិកាមិនត្រូវបានដោះស្រាយនោះទេ។
លោកបានកត់សម្គាល់ថា “នៅឆ្នាំ ២០២០ យើងបានចំណាយថវិកាជិត ២ ទ្រីលានដុល្លារ លើវិស័យការពារជាតិនៅជុំវិញពិភពលោក។ ១៥ពាន់លានដុល្លារតំណាងឱ្យតិចជាងមួយភាគរយនៃការចំណាយ សម្រាប់ការការពារយោធានៅជុំវិញពិភពលោក” ។ មួយភាគរយនៃចំនួននោះ ដើម្បីសង្គ្រោះជីវិត និងនាំឲ្យការឆ្លងរាលដាលពាសពេញទ្វីបនេះឈានដល់ទីបញ្ចប់៕
ដោយ ឈូក បូរ៉ា