តេអេរ៉ង់៖ រដ្ឋមន្រ្តីសុខាភិបាលអ៊ីរ៉ង់លោក Saeed Namaki បានប្រកាសពីការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងក្នុងស្រុក សម្រាប់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោក Namaki បានឲ្យដឹងនៅក្នុងសន្និសីទមួយនៅកណ្តាលទីក្រុង Arak ថាការប្រើប្រាស់វ៉ាក់សាំង COVIran Barakat ជាបន្ទាន់ ដែលផ្តល់ហិរញ្ញប្បទានដោយមូលនិធិ Barakat ត្រូវបានអនុញ្ញាត។
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថាវ៉ាក់សាំង COVIran បានឆ្លងកាត់ដំណាក់កាលសាកល្បងចំនួន ៣ វគ្គដែលចុងក្រោយបង្អស់ពាក់ព័ន្ធនឹងមនុស្ស ២០,០០០ នាក់ នៅក្នុងទីក្រុងតេអេរ៉ង់, Bushehr, Shiraz, Karaj, Mashhad និង Isfahan ។
លោក Tasaki បានលើកឡើងថា វ៉ាក់សាំងមួយទៀតដែលត្រូវបានបង្កើតឡើងរួមគ្នា ដោយគុយបា និងវិទ្យាស្ថានប៉ាស្ទ័រនៃប្រទេសអ៊ីរ៉ង់ នឹងត្រូវបានអនុញ្ញាតនៅសប្តាហ៍ក្រោយ។
គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ បានដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ រួចហើយពីប្រទេសរុស្ស៊ី ឥណ្ឌា ចិន និងសាធារណរដ្ឋកូរ៉េ សម្រាប់ប្រជាជនចំនួន ៤,៣៥៤,៤៤៥ នាក់នៅទូទាំងប្រទេស៕
ដោយ ឈូក បូរ៉ា