Covid-19

ក្នុង១ថ្ងៃ អាហ្វ្រិកខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង១៣.០០០នាក់

ហ្ស៊ូហាណេស្បើក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ថា វិទ្យាស្ថានជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ (NICD) បានឲ្យដឹងកាលពីយប់ថ្ងៃពុធថា នៅអាហ្វ្រិកខាងត្បូង មានករណីឆ្លងវីរុសកូរ៉ូណា មានដល់ទៅ១៣.២៤៦នាក់ ដែលត្រូវបានចុះក្នុងបញ្ជីក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។

វិទ្យាស្ថាន NICD បានឲ្យដឹងថា សេវាកម្មមន្ទីរពិសោធន៍សុខាភិបាលជាតិ បានឲ្យដឹងថា តេស្តវិជ្ជមាន បានកើនឡើង២១,៧ភាគរយនៅទូទាំងប្រទេស ។ ក្រុង Gauteng មានអ្នកឆ្លងជំងឺកើនឡើងជាថ្មីម្តងទៀត ដែលមានអ្នក ឆ្លងជំងឺ៧.៨៥៩នាក់នៅក្នុងកំណត់ត្រា ។ ចំនួនសរុបដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍នៅទូទាំងប្រទេសបានកើនឡើងដល់១.៧៧៤.៣១២នាក់ ។

វិទ្យាស្ថាន NICD ក៏បានរាយការណ៍ថា ចំនួន៧៧នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៥៨.១១៨នាក់ ។

វិទ្យាស្ថានបានឲ្យដឹងថា វាជាក្តីកង្វល់អំពីការកើនឡើងអ្នកឆ្លងជំងឺ និងបានជំរុញឲ្យសាធារណជនមានការប្រុងប្រយ័ត្ន ។

វិទ្យាស្ថានបានឲ្យដឹងថា “ពលរដ្ឋទាំងឡាយ គួប្បីកុំធ្វេសប្រហែសបន្តអនុវត្តវិធានការការពារជំងឺកូវីដ-១៩ ដោយពាក់ម៉ាស់ ទាំងគ្រប់ច្រមុះ និងមាត់ អនុវត្តអនាម័យដៃឲ្យបានស្អាត” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top