Covid-19

អូស្ត្រាលីបង្កើនការជំរុញ ចាក់ថ្នាំវ៉ាក់សាំង ដើម្បីទប់ស្កាត់ការ ផ្ទុះឆ្លងនៃជម្ងឺកូវីដ១៩

បរទេស៖ ប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទនេះបានសម្រេចចិត្តយកការចាក់ថ្នាំវ៉ាក់សាំង ជាកាតព្វកិច្ចចម្បងសម្រាប់អ្នកធ្វើការងារនៅមណ្ឌលមនុស្សចាស់ជរា និងបុគ្គលិននៅតាមបណ្ដាសណ្ឋាគារធ្វើចត្តាឡីស័ក ដែលមានហានិភ័យខ្ពស់ បន្ទាប់ពីការកើនឡើងក្នុងករណីឆ្លងជម្ងឺកូវីដ១៩នៅទូទាំងប្រទេស។


លោកនាយករដ្ឋមន្ត្រី Scott Morrison បានជួបជាមួយថ្នាក់ដឹកនាំរដ្ឋនិងតំបន់ ធ្វើការពិភាក្សាគ្នាអំពីស្ថានភាព ដែលមានប្រជាជនអូស្ត្រាលីជាង២០លាននាក់ គឺស្មើនឹងប្រមាណ៨០ភាគរយនៃប្រជាជនសរុប កំពុងស្ថិតក្រោមទម្រង់នៃបម្រាមគោចរខ្លះ ឬក៏ការរឹតបន្តឹងពាក់ព័ន្ធមេរោគកូរ៉ូណា។

គួរបញ្ជាក់ថា ៥ក្នុងចំណោមរដ្ឋនិងតំបន់ចំនួន៨របស់ប្រទេសអូស្ត្រាលី បានរងការវាយប្រហារដោយការផ្ទុះឆ្លងនៃប្រភេទជម្ងឺកូវីដ១៩ Delta ដែលមានសមត្ថភាពចម្លងខ្ពស់ និងការលេចធ្លាយចេញពីសណ្ឋាគារធ្វើចត្តាឡីស័ក ត្រូវបានគេរិះគន់ជាខ្លាំង សម្រាប់ការកើនឡើងនៃការឆ្លង។


យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បាននិយាយប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាតិថា “ជម្ងឺកូវីដ១៩ប្រភេទ Delta នេះ កំពុងតែបង្កឲ្យមានភាពពិបាកផ្សេងៗ ពីប្រភេទដែលយើងបបានប្រឈមមុខកាលពីមុន”៕

ប្រែសម្រួល៖ប៉ាង កុង

To Top