Covid-19

CDC៖ ទ្វីបអាហ្វ្រិក មានអ្នកឆ្លងជំងឺកូវីដ-១៩ លើសពី៥លាននាក់

អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺប្រចាំទ្វីបអាហ្វ្រិក ហៅកាត់ (Africa CDC)បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃចន្ទ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំនៅទ្វីបអាហ្វ្រិកដែលគេបញ្ជាក់ឲ្យដឹងនោះគឺមានចំនួនដល់ទៅ៥.៤១៧.៨៥៨នាក់ ។

មជ្ឈមណ្ឌល CDC ដែលជាទីភ្នាក់ងារថែទាំសុខភាពពិសេសនៃសហភាពអាហ្វ្រិកដែលមានសមាជិក៥៥ប្រទេស បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងរាតត្បាតគឺមានចំនួន១៤១.២៩០នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន៤.៧៥០.១៦៦នាក់នៅទូទាំងទ្វីបបានជាសះស្បើយពីជំងឺ ។

CDC ប្រចាំទ្វីបអាហ្វ្រិកបានឲ្យដឹងថា ប្រទេសអាហ្វ្រិកខាងត្បូង ម៉ារ៉ុក ទុយនេស៊ី អេត្យូពី និងអេហ្ស៊ីប ជាប្រទេសដែលមានអ្នកឆ្លងជំងឺច្រើនជាងគេបំផុតនៅក្នុងទ្វីបនេះ ។

ប្រទេសអាហ្វ្រិកខាងត្បូង បានកត់ត្រាដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ខ្ពស់បំផុតនៅក្នុងទ្វីបនេះ ដែលមានចំនួន១.៩២៨.៨៩៧នាក់ ទន្ទឹមនឹងនេះដែរ ប្រទេសម៉ារ៉ុក ដែលស្ថិតនៅភាគខាងជើងទ្វីបអាហ្វ្រិក ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងដល់ទៅ៥២៩.៦៧៦នាក់ គិតត្រឹមរសៀលថ្ងៃចន្ទ ។

យោងតាមមជ្ឈមណ្ឌលដដែលនេះបានឲ្យដឹងថា ប្រទេសស្ថិតក្នុងតំបន់ភាគកណ្តាលនៃទ្វីបអាហ្វ្រិក បានរងគ្រោះតិចជាងគេក្នុងចំណោមប្រទេសដែលស្ថិតនៅភាគខាងត្បូង ខាងជើង និងប៉ែកខាងកើតនៃទ្វីប ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top