Covid-19

Full Story ៖ នាយករដ្ឋមន្ត្រីបញ្ជាឲ្យលុបឈ្មោះពេទ្យចេញពីក្របខ័ណ្ឌ ចំពោះពេទ្យដាក់ឈ្មោះ ចូលរួមប្រយុទ្ធ ជាមួយកូវីដ១៩ ហើយមិនចូលបំពេញការងារ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យលុបចេញក្របខ័ណ្ឌគ្រូពេទ្យដែលគ្រាន់ដាក់ឈ្មោះ ចូលរួមបំពេញបេសកកម្ម ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ដើម្បីតែបានចូលក្របខ័ណ្ឌ ប៉ុន្តែមិនបានចូលរួមបំពេញការងារ ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១ កក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ហ្វឹកហ្វឺនគ្រូពេទ្យបន្ថែម ដើម្បីចូលបម្រើការងារនេះ យើងបានឲ្យហើយចំនួនពេទ្យ ប៉ុន្តែលក្ខខណ្ឌដែលខ្ញុំឲ្យ គឺទាល់តែអ្នកហ្នឹងស្ម័គ្រចិត្ត ធ្វើការនៅក្នុងក្របខ័ណ្ឌ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទើបឲ្យ ប្រសិនបើមានអ្នកណាមួយ មិនព្រមលុបចេញពីក្របខ័ណ្ឌ បណ្តេញចេញក្រុមគ្រូពេទ្យវិញ។ ព្រោះកាលដែលសុំជាង ៣ពាន់នាក់ យើងដាក់លក្ខខណ្ឌ ជាមួយគ្នាថាឲ្យធ្វើកិច្ចការងារនេះ ចូលរួមកិច្ចការងារហ្នឹង ប្រយ័ត្នតែបានក្របខ័ណ្ឌហើយបែរជាមិនចូលរួម អនុញ្ញាតឲ្យលុបចេញពីក្របខ័ណ្ឌ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បញ្ហានេះក្រសួងសុខាភិបាល ត្រូវធ្វើសំណើទៅរដ្ឋមន្ត្រីមុខងារសាធារណៈ ហើយបញ្ជូនឈ្មោះមកសម្ដេច ដើម្បីលុបចេញពីក្របខ័ណ្ឌ ។ សម្ដេចថា «អត់មានមកនិយាយថា ខ្ញុំស្ម័គ្រចិត្តមកចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តែទីចុងបញ្ចប់បានក្របខ័ណ្ឌហើយទៅណាឆ្កុយ គឺលុបចេញពីក្របខ័ណ្ឌហើយត្រូវដើរចេញ ហើយយើងរកអ្នកស្ម័គ្រចិត្តចូល» ។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសម្ដេចបង្កើតក្រុមការងារត្រួតពិនិត្យ និងផ្ទៀងផ្ទាត់សំណុំលិខិតបេក្ខជនម្នាក់ៗ ដែលផ្ដល់ដោយ ក្រសួងសុខាភិបាល ដើម្បីបញ្ជាក់ភាពត្រឹមត្រូវ សមស្របតាមលក្ខខណ្ឌ និងនីតិវិធីនៃការជ្រើសរើស បញ្ចូលក្នុងក្របខណ្ឌមន្ដ្រីរាជការ ខណៈមានបេក្ខជនស្ម័គ្រចិត្ដចូលរួម ប្រយុទ្ធជាមួយជំងឺកូវីដ១៩ជាង ៤ពាន់នាក់ ត្រូវបានក្រសួងសុខាភិបាល ដាក់សំណើទៅក្រសួងមុខងារសាធារណៈ ដើម្បីបញ្ចូលឈ្មោះក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ៕

To Top