ភ្នំពេញ ៖ ទោះបីជាប្រទេសថៃ បានចេញវិធានការរឹតបន្តឹងថ្មី ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសការធ្វើដំណើរឆ្លងតំបន់/ខេត្តក៏ដោយ ក៏នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្ថានទូតបាននាំយកអំណោយដែលមានគ្រឿងឧបភោគបរិភោគ ចុះចែកដល់ពលករខ្មែរចំនួន ១៣០គ្រួសារ នៅទីតាំងចំនួន ២កន្លែងផ្សេងគ្នា ។
ទីតាំងទាំង ២កន្លែងនោះរួមមាន៖ ១-ការដ្ឋានសំណង់ស្ថិតនៅសង្កាត់ចមភុន ខណ្ឌចតុចក្រ ក្រុងបាងកកដែលមានពលករខ្មែរចំនួន៩០គ្រួសារ។ ២-ការដ្ឋានសំណង់ស្ថិតនៅឃុំបាងភ្លីយ៉ៃ ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន មានពលករខ្មែរចំនួន ៤០គ្រួសារ។
សូមបញ្ជាក់ផងដែរថា ការចុះចែកអំណោយនេះ គឺបានការចូលរួមសហការ និងជួយសម្រួល ពីអាជ្ញាធរពាក់ព័ន្ធថៃ រួមមានតំណាងខាងសុខាភិបាលថៃ និងក្រសួងការងារថៃ ដោយអនុវត្តតាមវិធានការរបស់ សុខាភិបាលក្នុងការការពារ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ យ៉ាងខ្ជាប់ខ្ជួន ៕