ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់សូមចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ បើមិនចង់ធ្លាក់ក្នុងស្ថានភាព ដូចទៅនឹងប្រទេសថៃ។
តាមរយៈវីដេអូឡាយជាង៣០នាទី នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោក ពេជ្រ ស្រស់ បានលើកឡើងថា «សូមកុំភ្លេចខ្លួន ព្រោះកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើងកំពុងផ្ទុះ វីរុសបម្លែងថ្មី ប្រភេទ Delta ហើយវាកំពុងវាយលុកយ៉ាងខ្លាំងនៅបណ្ដាប្រទេសមួយចំនួន ជាពិសេសនៅក្នុងប្រទេសថៃ ដែលជាប្រទេសកៀកជាមួយនឹងប្រទេសកម្ពុជាយើង ហើយក៏ជាប្រទេសមួយដែលប្រជាពលរដ្ឋយើងរស់នៅច្រើន! ទន្ទឹមនឹងនេះប្រជាពលរដ្ឋយើងក៏បានត្រឡប់មកកម្ពុជា»។
លោក ពេជ្រ ស្រស់ បញ្ជាក់ថា «ថ្វីត្បិតតែយើងមានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក៏ដោយប៉ុន្តែវ៉ាក់សាំងនេះ មិនទាន់បានគ្រប់ដណ្ដប់ទូទាំងពិភពលោក នោះទេ ហើយទាំងបីចាក់វ៉ាក់រូចហើយក៏នៅតែ ឆ្លងជំងឺកូវីដ១៩ដែរ ។ ដូច្នេះថា ក្នុងកាលៈទេសៈនេះ បើបងប្អូនមិនចូលរួមទប់ស្កាត់នូវការចម្លង មេរោគកូវិដ១៩ទេ ប្រទេសកម្ពុជយើង នឹងកាន់តែដុនដាបទៅ ទាំងវិស័យសេដ្ឋកិច្ច ជំនួញ និងសុខាមាភាពសង្គម»។
លោកសង្កត់ធ្ងន់ថា «មានតែយើងទាំងអស់គ្នាទេដែលមានលទ្ធភាព ទប់ស្កាត់ជំងឺកូវីដ១៩ គ្មានព្រះឥន្ធ ទេវតា ណាមកទប់ស្កាត់ក្រៅពីខ្លួនយើងទេ! តែបើសិនបងប្អូន នៅតែជជេសមិន ប្រុងប្រយ័ត្នជាមួយនឹង ការឆ្លងរីករាលដាលនេះទេ លទ្ធផលមិនបាច់ទៅមើលប្រទេសណាឆ្ងាយនោះទេ មើលតែប្រទេសថៃចុះ ដេកដួលស្លាប់ តាមចិញ្ជើមថ្នល់ រកកន្លែងសម្រាកព្យាបាលមិនបាន»៕