បរទេស៖ ការិយាល័យសន្តិសុខសុខភាពជាតិ (NHSO) របស់ប្រទេសថៃ នឹងទិញថ្នាំ favipiravir ប្រឆាំងវីរុស (ថ្នាំប្រឆាំងវីរុសដែលគេប្រើសម្រាប់ព្យាបាលគ្រុនផ្តាសាយធំ នៅប្រទេសជប៉ុន) ចំនួន ២៧ លានគ្រាប់បន្ថែមទៀតនៅឆ្នាំនេះ និងឆ្នាំក្រោយ សម្រាប់ការព្យាបាលអ្នកជំងឺ Covid-19។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមប្រឹក្សា NHSO កាលពីថ្ងៃច័ន្ទក៏បានអនុម័តផងដែរនូវការបន្ថែមវ៉ាក់សាំងការផ្គត់ផ្គង់វេជ្ជសាស្ត្រ និងឧបករណ៍ ធ្វើតេស្តមន្ទីរពិសោធន៍ ដែលប្រើសម្រាប់ការព្យាបាលជំងឺកូវីដ -១៩ ទៅក្នុងគម្រោងធានារ៉ាប់រងសុខភាពជាតិ។
វត្ថុទាំងនោះត្រូវបានអនុញ្ញាតដោយនាយកដ្ឋាន សេវាកម្មវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាល និងទីភ្នាក់ងារដែល បានអនុញ្ញាតដោយមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានការណ៍កូវីដ ១៩ សម្រាប់ដាក់ បញ្ចូលក្នុងគម្រោងសុខភាព។
ក្រុមប្រឹក្សា NHSO បានយល់ព្រមលើការទិញថ្នាំ favipiravir ចំនួន ២៧ លានគ្រាប់ នៅក្នុងផែនការលទ្ធកម្មឆ្នាំនេះ ដោយប្រើថវិកាចំនួន ៨៩១ លានបាតពីថវិកា Covid-19 នៅឆ្នាំនេះ ដែលត្រូវបានភ្ជាប់ ទៅនឹងថវិកាឆ្នាំ ២០២២ ៕
ប្រែសម្រួលៈ ណៃ តុលា