Covid-19

ទូតសង្ឃឹមថា ជំនួយរបស់ជប៉ុន អាចបន្ធូរបន្ថយ ក្តីកង្វល់របស់ប្រជាជនកម្ពុជា ក្នុងដំណាក់កាលជំងឺកូវីដ-១៩

ភ្នំពេញ ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានសង្ឃឹមថា ជំនួយនានារបស់រដ្ឋាភិបាលជប៉ុន នឹងជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុ ជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសនោះ អាចបន្ធូរបន្ថយក្តីកង្វល់មួយចំនួនរបស់ប្រជាជនកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ស្ថានទូតជប៉ុន បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩ នៅលើសាកលលោក ប្រទេសជប៉ុន បានប្រកាស កាលពីខែមុនថា នឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលត្រូវបានអនុម័តដោយ WHO EUL និងផលិតនៅជប៉ុន ចំនួនប្រមាណ១លានដូស ជូនដល់កម្ពុជា។

ស្ថានទូត បន្ដថា ជើងទីមួយនៃវ៉ាក់សាំងនេះ ដែលមានចំនួនប្រមាណ ៣៣ម៉ឺនដូស បានមកកម្ពុជា កាលពីថ្ងៃទី២៣ កក្កដា ហើយចំនួនដែលនៅសល់ប្រមាណ៦៧ម៉ឺនដូសទៀត បានមកដល់កម្ពុជា នាថ្ងៃទី៦ សីហា។ ការសម្រេចផ្តល់វ៉ាក់សាំងទាំងនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើចំណងមិត្តភាពរវាង ជប៉ុន-កម្ពុជា និងស្ថានភាពបច្ចុប្បន្ននៃជំងឺកូវីដ-១៩ នៅកម្ពុជា។

ស្ថានទូត បញ្ជាក់ថា «នេះគឺជាអំណោយទ្វេភាគីរបស់រដ្ឋាភិបាលជប៉ុន ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការរៀបចំភស្តុភារដោយ COVAX ។ ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីក្នុងកំឡុងពេលបច្ចុប្បន្ននេះ ការចាក់វ៉ាក់សាំង ការពង្រឹងប្រព័ន្ធសុខាភិបាល និងការកែលម្អការថែទាំវេជ្ជសាស្ត្រពិតជាមានភាពចាំបាច់ណាស់»។

ស្ថានទូត ក៏បានរំលឹកថា ក្នុងឱកាសនៃកិច្ចប្រជុំកំពូល COVAX AMC ដែលបានធ្វើឡើងក្នុងខែមិថុនា រដ្ឋាភិបាលជប៉ុន បានសន្យាផ្តល់ជំនួយ ៨០០ លានដុល្លារបន្ថែមទៀត ដូច្នេះជំនួយសរុបរបស់ជប៉ុនដល់ COVAX Facility មានចំនួន ១ពាន់លានដុល្លារអាមេរិក។ ការផ្តល់វ៉ាក់សាំងប្រមាណ១លានដូសជូនដល់កម្ពុជាដូចដែលបានលើកឡើងខាងលើ គឺជាបន្ថែមពីលើកិច្ចសន្យានេះ។ មកទល់ពេលនេះ ក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយប្រមាណច្រើនជាង ៥០ លានដុល្លារអាមេរិកដល់កម្ពុជា។

ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានបញ្ជាក់ទៀតថា «ប្រទេសជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវឧបករណ៍ បរិក្ខារចាំបាច់។ យើងសង្ឃឹមថាការជំនួយទាំងនេះ នឹងអាចជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ក៏ដូចជា អាចបន្ធូរបន្ថយក្តីកង្វល់មួយចំនួនរបស់ប្រជាជនកម្ពុជា»។

ស្ថានទូត បន្ថែមថា ជំនួយនេះរួមមាន ការផ្ដល់ឧបករណ៍បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រវិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែនដោយមានការគាំទ្រពីអង្គការអន្តរជាតិនានា និងការផ្គត់ផ្គង់ប្រព័ន្ធត្រជាក់ ដើម្បីរក្សាទុកនិងដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ ឲ្យបានត្រឹមត្រូវ ដែលមានការគាំទ្រពីដៃគូ យូនីសេហ្វ (UNICEF) និងចៃកា (JICA) ។ រដ្ឋាភិបាលជប៉ុនក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ ក្នុងកម្មវិធីឧបត្ថមសាច់ប្រាក់ដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ និងសម្រាប់ពង្រឹងប្រព័ន្ធសុខាភិបាល៕

To Top