Covid-19

វៀតណាម មួយថ្ងៃ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាជនបាន ២៥០ ០០០ ដូស

បរទេស៖ អាជ្ញាធរទីក្រុងបាននិយាយថា ទីក្រុងហូជីមិញ នឹងបន្តបង្កើនការចាក់វ៉ាក់សាំងពី ២៥០ ០០០ ដូស ទៅ ៣០០ ០០០ ដូសក្នុងមួយថ្ងៃ ដើម្បីចាក់ឱ្យប្រជាជនយ៉ាងតិច១ដូស ទៅ ១០០ ភាគរយនៃប្រជាជនរបស់ខ្លួន ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនៅចុងខែនេះ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា បច្ចុប្បន្នវៀតណាមកំពុងចាក់វ៉ាក់សាំងជូនប្រជាជនប្រហែល ២២០ ០០០ ទៅ ២៥០ ០០០ ដូស ក្នុងមួយថ្ងៃ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារទី ១០ ខែសីហា អនុប្រធានមន្ទីរសុខាភិបាលទីក្រុង គឺលោក Nguyễn Hoài Nam បាននិយាយថា ជាមួយនឹងការចាក់វ៉ាក់សាំងចំនួន ២៥០ ០០០-៣០០ ០០០ ដូស ដែលត្រូវបានចាក់ក្នុងមួយថ្ងៃ គឺទីក្រុងនឹងប្រើថ្នាំដែលនៅសល់ ៩១៣ ២០៤ ដូសត្រឹមថ្ងៃទី ១២ ខែសីហា។ រួមទាំងចំនួន ៥៩១ ៩០០ ដូសដែលបានផ្តល់ដោយក្រសួងសុខាភិបាលនៅថ្ងៃច័ន្ទ (៩ សីហា) ។

គណៈកម្មាធិការប្រជាជនទីក្រុងបានស្នើឱ្យក្រសួងសុខាភិបាលបែងចែកវ៉ាក់សាំង ចំនួន ៥,៥ លានដូសបន្ថែម ដើម្បីបំពេញតាមគោលដៅរបស់ប្រជាជនទាំងអស់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ឬ ៧ លាននាក់ដែលត្រូវចាក់វ៉ាក់សាំងនៅចុងខែនេះ។

ទីក្រុងបានទទួលវ៉ាក់សាំងជាង ៤,១ លានដូសនៅចន្លោះថ្ងៃទី ៨ ខែមីនាដល់ថ្ងៃទី ៩ ខែសីហាហើយបានចាក់ច្រើនជាង ៣,៤ លានដូស។ នេះបើយោងតាមរបាយការណ៍ដែលចេញដោយនាយកដ្ឋានសុខភាពទីក្រុងកាលពីថ្ងៃច័ន្ទ៕

ប្រែសម្រួលៈ ណៃ តុលា

To Top