បរទេស៖ មនុស្សបីនាក់រួមទាំងវេជ្ជបណ្ឌិតម្នាក់ផងដែរ ត្រូវបានចាប់ខ្លួននៅទីក្រុងហូជីមិញ និងនៅខេត្ត Binh Duong ពីបទយកលុយពីប្រជាជន ដើម្បីបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលធាតុពិតត្រូវបានគេអះអាងថា ចាក់ដោយមិនគិតថ្លៃនោះ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Truong Manh Thao អាយុ ៣៧ ឆ្នាំ ជាមន្រ្តីពេទ្យនៅសង្កាត់លេខ ៦ នៃទីក្រុងហូជីមិញ ត្រូវបានប៉ូលីសមូលដ្ឋានចាប់ខ្លួន កាលពីថ្ងៃអង្គារពីបទរំលោភអំណាច ក្នុងការបំពេញភារកិច្ចផ្លូវការ។
លោក Thao ត្រូវបានគេជឿថា បានសហការជាមួយមនុស្សប្រហែល ២០ នាក់ ដោយមិនរាប់បញ្ចូលក្នុងក្រុមអាទិភាពសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។ គាត់បានរៀបចំផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដល់ពួកគេតាមជម្រើសរបស់ពួកគេ ជាថ្នូរនឹងសាច់ប្រាក់ឬជាការបង់ប្រាក់តាមប្រភេទ។
គាត់បានសារភាពថា គាត់រកបានជាង ១០ លានដុង (៤៣៩.៥៩ ដុល្លារ) ពីកិច្ចព្រមព្រៀងរួមជាមួយវត្ថុមានតម្លៃផ្សេងទៀត។
នៅព្រឹកថ្ងៃច័ន្ទ លោក Nguyen Thai Hiep អាយុ ៣១ ឆ្នាំ ជាវេជ្ជបណ្ឌិតនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រមួយក្នុងទីក្រុង Tan Uyen របស់ខេត្ត Binh Duong និង ឈ្មោះ Le Van Thang អាយុ ២៤ ឆ្នាំ ជាសន្តិសុខ ក៏ត្រូវបានប៉ូលីសក្នុងតំបន់ឃាត់ខ្លួនផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា