វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនឹងលែងហាមឃាត់អ្នកទេសចរ បរទេសមិនឱ្យចូលមកប្រទេសនេះទៀតហើយ ចាប់ពីខែវិច្ឆិកាតទៅប្រសិនបើពួកគេបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានពេញលេញ។ សេតវិមានអាមេរិក បាននិយាយកាលពីថ្ងៃច័ន្ទ នៅពេលប្រកាសពីការផ្លាស់ប្តូរគោលនយោបាយ ដែលនឹងបន្ធូរបន្ថយការហាមឃាត់ការធ្វើដំណើរអន្តរជាតិ ដែលត្រូវបាន ដាក់ចេញដើម្បីទប់ស្កាត់ការចម្លងនៃមេរោគឆ្លង។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកដែលមិនមែនជាពលរដ្ឋអាមេរិក និងអ្នកដែលមានគម្រោងធ្វើដំណើរទៅសហរដ្ឋអាមេរិក នឹងត្រូវផ្តល់ភស្តុតាងថា ពួកគេត្រូវបានចាក់វ៉ាក់សាំងប្រឆាំងវិរុសបានពេញលេញ ហើយលទ្ធផលតេស្តអវិជ្ជមាន ត្រូវបានធ្វើឡើងក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីការចាកចេញនៅពេលពួកគេឡើងយន្តហោះ ។ នេះបើតាមលោក Jeff Zients អ្នកសម្របសម្រួលការឆ្លើយតបរបស់កូវីដ ១៩ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន។
អ្នកទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងពេញលេញចូលសហរដ្ឋអាមេរិក នឹងលែងត្រូវការ ដាក់ឲ្យនៅដាច់ពីគេរយៈពេល ១៤ ថ្ងៃ បន្ទាប់ពីការមកដល់អាមេរិក ។ យោងតាមលោក Zients ក៏បាននិយាយផងដែរថា ច្បាប់ថ្មីនេះនឹងចូលជាធរមាននៅដើមខែវិច្ឆិកា ដើម្បីផ្តល់ពេលវេលាដល់ទីភ្នាក់ងាររដ្ឋាភិបាលនិងអ្នកដំណើរតាមយន្តហោះ។
ចំពោះជនជាតិអាមេរិកដែលមិនបានចាក់វ៉ាក់សាំង ហើយវិលត្រឡប់មកសហរដ្ឋអាមេរិកវិញ អ្នកសម្របសម្រួលរូបនេះបាននិយាយថា ពួកគេនឹងស្ថិតនៅក្រោមលក្ខខណ្ឌនៃការធ្វើតេស្តដែលតឹងរ៉ឹងជាងមុន រួមទាំងការធ្វើតេស្តក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីការចាកចេញ និងភស្តុតាងថា ពួកគេបានទិញតេស្តដើម្បីធ្វើបន្ទាប់ពីមកដល់សហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា