ភ្នំពេញ ៖ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨២២នាក់ទៀតកាលពីថ្ងៃ២៣ កញ្ញា ដែលចំនួននេះមានការហក់ឡើងខ្ពស់វិញ ក្រោយហាក់ស្ងប់ស្ងាត់ជាងមួយខែមកនេះ ។


ជាងមួយខែមកនេះ អ្នកឆ្លងថ្មីមានប្រហែលពីជាង៣០០ទៅ៦០០នាក់ប៉ុណ្ណោះ ប៉ុន្តែការឆ្លងថ្មីជាង៨០០នាក់នេះ បន្ទាប់ពីពិធីកាន់បិណ្ឌ៣ថ្ងៃមកនេះ ។

ក្នុងរយៈពេល៣ថ្ងៃ នៃការកាន់បិណ្ឌរបស់ខ្មែរ គឺឃើញថា នៅតាមវត្ត២ក្នុងរាជធានីភ្នំពេញ មានឆ្លងជាច្រើនករណី ក្នុងនោះកម្មករក៏មានឆ្លងផងដែរ ។

បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចេញនាថ្ងៃ២៤ កញ្ញា បានឲ្យដឹងថា សម្រាប់ថ្ងៃ២៣ កញ្ញា កម្ពុជាមានអ្នកចំនួន៨២២នាក់ ជាសះស្បើយចំនួន៤៩៤នាក់ និងស្លាប់ចំនួន២១នាក់។ ក្នុងចំណោមអ្នកឆ្លងទាំង៨២២នាក់នោះ ករណីឆ្លងសហគមន៍ចំនួន៧១៦នាក់ និងអ្នកដំណើរពីបរទេសចំនួន១០៦នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃ២៤ កញ្ញាកម្ពុជាអ្នកឆ្លងសរុបចំនួន១០៧ ៤៤១នាក់អ្នកជាសះស្បើយចំនួន៩៩ ៦២៨នាក់ និងអ្នកស្លាប់ចំនួន២ ១៩៧នាក់ ៕

