អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការរោគប្រចំាទ្វីបអាហ្វ្រិក ហៅកាត់ថា (Africa CDC)បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងទ្វីបអាហ្វ្រិក បានកើនឡើងដល់៨.៤៤៥.៩១៧នាក់ គិតត្រឹមរសៀលថ្ងៃពុធនេះ ។
មជ្ឈមណ្ឌល Africa CDC ដែលជាទីភ្នាក់ងារថែទាំសុខភាពពិសេសនៃសហព័ន្ធអាហ្វ្រិក (AU)បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងនៅទូទាំងទ្វីបនេះគឺនៅថេរ ចំនួន២១៦.០១៣នាក់ ។
ទីភ្នាក់ងារបានឲ្យដឹងថា អ្នកជំងឺប្រមាណ៧.៨២៤.៨៦៣នាក់ នៅទូទាំងទ្វីបបានជាសះស្បើយពីជំងឺ ។
ទីភ្នាក់ងារបានឲ្យដឹងថា ប្រទេសអាហ្វ្រិកខាងត្បូង ម៉ារ៉ុក ទុយនេស៊ី និងអេត្យូពី ជាប្រទេស ដែលស្ថិតក្នុងចំណោមប្រទេស ដែលមានអ្នកឆ្លងជំងឺច្រើនបំផុតនៅក្នុងទ្វីបនេះ ។
ទីភ្នាក់ងារបានតកត់សម្គាល់ឲ្យដឹងថា ប្រទេសអាហ្វ្រិកខាងត្បូង បានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនបំផុតនៅទ្វីបអាហ្វ្រិកនេះ ដែលមានអ្នកឆ្លងចំនួន ២.៩១៧.២៥៥ នាក់ ទន្ទឹមនឹងនេះដែរ ប្រទេសម៉ារ៉ុក ដែលស្ថិតនៅភាគខាងជើងទ្វីបនេះ ត្រូវបានគេរាយការណ៍ថាមានករណីចំនួន៩២៤.៧៧៩នាក់ គិតត្រឹមរសៀលថ្ងៃពុធនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា