ភ្នំពេញ ៖ កីឡាករជម្រើសជាតិកម្ពុជា៦រូបរួមមាន ៖ ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ សឿយ វិសាល អ៊ាន ពិសី សារ៉េត គ្រីយ៉ា និង កែវ សុខសិលា ក្រោយពីឆ្លងជំងឺកូវីដ១៩ នៅប្រទេសបារ៉ែន ក្នុងអំឡុងពេលស្នាក់នៅដើម្បីប្រកួតនោះ បានជាសះស្បើយពីជំងឺកូវីដ-១៩ ដោយពួកគេ គ្រោងត្រឡប់មកមាតុភូមិវិញ នៅថ្ងៃទី២៣ ខែតុលា ស្អែក ។ នេះបើយោងតាម Cambodia SEA GAMES 2023 ។
ពួកគេត្រូវបានរកឃើញឆ្លងកាលពីថ្ងៃ១៤ តុលា ។


សូមបញ្ជាក់ថា ក្រុមកីឡាករជម្រើសជាតិកម្ពុជាបានចូលប្រកួត ជាមួយក្រុមកោះហ្គាំ របស់អាមេរិក នៅប្រទេសបារ៉ែន ក្នុងជើងទី១ កាលពីថ្ងៃ៩ តុលា ។ សូមរំលឹកថា កម្ពុជាបានយកឈ្នះកោះហ្គាំ សរុបលទ្ធផលទាំង២ជើង ៣-១ (ជើងទី១ ឈ្នះ ១-០ និងជើងទី២ ឈ្នះ ២-១) ដើម្បីទៅបង្គ្រប់កៅអី ២៤ក្រុម នៅជុំទី៣ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ ជាមួយឥណ្ឌូនេស៊ី ដែលបានឆ្លងផុតវគ្គ Play-Off ដូចគ្នា ។ វគ្គជម្រុះជុំទី៣ នឹងត្រូវចាប់ឆ្នោតបែងចែកជា ៦ពូល ដោយពូលនីមួយៗមាន ៤ក្រុម ខណៈការប្រកួត នឹងចាប់ផ្ដើមពីដើមខែកុម្ភៈ ដល់ចុងខែកញ្ញា ឆ្នាំ២០២២ ដើម្បីចម្រាញ់ក្រុមខ្លាំងឡើងជុំផ្ដាច់ព្រ័ត្រ នៅចិន នាឆ្នាំ២០២៣៕


