Covid-19

ប្រទេសថៃ រកឃើញវីរុសកូវីដ១៩បំលែងថ្មីទៀត ប្រភេទ Delta Plus មុនពេលបើកប្រទេសទទួលទេសចរណ៍

បរទេស៖ ក្រសួងសុខភាពសាធារណៈរបស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ការរកឃើញករណីដំបូងនៃមេរោគកូវីដ១៩បំលែងថ្មីប្រភេទ Delta Plus នៅក្នុងប្រទេសថៃ នឹងមិនប៉ះពាល់ដល់ផែនការរបស់ប្រទេសនេះក្នុងការបើកឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិនៅថ្ងៃទី 1 ខែវិច្ឆិកានោះទេ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹង លោក Sathit Pitutecha អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈ បាននិយាយថា «ដោយសារតែមេរោគផ្លាស់ប្តូរគ្រប់ពេលវេលា មានតែការផ្លាស់ប្តូរដែលបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ និងធ្វើឱ្យមេរោគរីករាលដាលកាន់តែងាយស្រួល ឬក្លាយជាភាពធន់នឹងថ្នាំដែលព្យាបាលវ៉ារ្យ៉ង់ប្រភេទ Alpha និង Delta [នៃ SARS-CoV-2] ត្រូវបានចាត់ទុកថាសំខាន់»។

លោក Sathit បាននិយាយថា ការរកឃើញប្រភេទថ្មី Delta Plus ដែលចាត់ទុកថាជាវ៉ារ្យ៉ង់តិចតួចនៃមេរោគ នឹងមិនរំខានដល់ការបើកប្រទេសឡើងវិញដែលបានគ្រោងទុកនោះទេ។

សូមជម្រាបថា ចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា ប្រទេសថៃនឹងចាប់ផ្តើមទទួលភ្ញៀវមកពីប្រទេសដែលមានហានិភ័យទាបចំនួន 45 និងតំបន់រដ្ឋបាល ពិសេសមួយ ដោយមិនតម្រូវឱ្យពួកគេចំណាយពេលក្នុងការធ្វើចត្តាឡីស័ក ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងពេញលេញ និងបានធ្វើតេស្តអវិជ្ជមានសម្រាប់ Covid-19 មុនពេលធ្វើដំណើរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×