Covid-19

ហ្វីលីពីន នឹងទិញថ្នាំវ៉ាក់សាំងកូវីដ១៩ Pfizer បន្ថែម២០លានដូស ទៀត

បរទេស៖ លោក Carlito Galvez ជាអ្នកចាត់ការរឿងថ្នាំវ៉ាក់សាំងហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីន នឹងទិញថ្នាំវ៉ាក់សំាងកូវីដ១៩ Pfizer ចំនួន២០លានដូសបន្ថែមទៀត ផ្តល់នូវទំនុកចិត្តផ្លូវការថា ប្រទេសនេះនឹងមានសមត្ថភាពអាចបំពេញទៅតាមគោលដៅចាក់ថ្នាំវ៉ាក់សាំងរបស់ខ្លួន។


យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ABS-CBN News នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Carlito Galvez បានមានប្រសាសន៍ប្រាប់ថា ថ្នាំវ៉ាក់សាំងដូសបន្ថែមនេះ នឹងធ្វើឲ្យថ្នាំវ៉ាក់សាំងកូវីដ១៩សរុបទាំងអស់ ដែលប្រទេសហ្វីលីពីន បានបញ្ជាទិញពីក្រុមហ៊ុនផលិតមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ មានចំនួន៦០លានដូស។


លោកបានមានប្រសាសន៍បន្ថែមយ៉ាងដូច្នេះថា “ជាមួយដូសបន្ថែមទាំងនេះ យើងនឹងអាំចធានាដល់និរន្តរភាពនៃកម្មវិធីចាក់ថ្នាំវ៉ាក់សាំងជាតិរបស់យើង និងសម្រេចគោលដៅចាក់ថ្នាំវ៉ាក់សាំង ដែលយើងបានកំណត់ មិនមែនត្រូវតែសម្រាប់ឆ្នាំនេះនោះទេ ប៉ុន្តែសម្រាប់ឆ្នាំ២០២២ក៏ដូចគ្នា”។


គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន បានទទួលថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន១៤២.១៥៣.៣៤០ដូស ពីក្រុមហ៊ុនផ្សេងៗគ្នា ដែលក្នុងចំណោមនោះ យ៉ាងតិច៩២លានដូស គឺត្រូវបានទិញដោយរដ្ឋាភិបាល ហើយនៅត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ថ្នាំវ៉ាក់សាំងចំនួនជាង៨១ដូសត្រូវបានចាក់៕


ប្រែសម្រួល៖ប៉ាង កុង

To Top