រីយ៉ាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសអារ៉ាប៊ី សាអូឌីត បានប្រកាសនៅថ្ងៃពុធនេះថា បានរកឃើញករណីដំបូងរបស់ខ្លួន នៃមេរោគកូវីដ-១៩ ប្រភេទ Omicron ។
ក្រសួងសុខាភិបាលអារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា វីរុសបំប្លែងខ្លួនថ្មីនេះត្រូវបានរកឃើញសម្រាប់ពលរដ្ឋដែលចូលមកក្នុងប្រទេសមកពីប្រទេសអាហ្រ្វិកខាងជើង ដោយបន្ថែមថា អ្នកឆ្លងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ហើយអ្នកពាក់ព័ន្ធដែលជិតស្និទ្ធទាំងនោះត្រូវបានធ្វើតេស្ត ។
ក្រសួងអំពាវនាវដល់សាធារណជនឲ្យបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីការពារសុវត្ថិភាពទាំងអស់គ្នា។
ប្រទេសអារ៉ាប៊ីសាអូឌីត បាននិងកំពុងមើលឃើញការថយចុះនៃករណីជំងឺកូវីដ-១៩ ប្រចាំថ្ងៃ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងយ៉ាងធ្ងន់ធ្ងរត្រូវបានធ្វើឡើងក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគ ជាពិសេសការជំរុញការចាក់វ៉ាក់សាំងទូទាំងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា