Covid-19

កើនទៀតហើយ! ចក្រភពអង់គ្លេស រកឃើញអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron ចំនួន៩០នាក់បន្ថែមទៀត

ឡុងដ៍៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលអង់គ្លេស បានបញ្ជាក់កាលពីថ្ងៃចន្ទថា ករណីឆ្លងមេរោគ Omicron ថ្មីចំនួន៩០ករណីទៀត ត្រូវបានរាយការណ៍នៅក្នុងចក្រភពអង់គ្លេស ដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៣៣៦ករណីហើយ ។

ក្នុងនោះរួមមានករណីថ្មីចំនួន៦៤នៅក្នុងប្រទេសអង់គ្លេស ២៣ករណីនៅស្កុតឡែន និង៣ករណីនៅវេលស៍ ។ អៀរឡង់ខាងជើងនៅតែមិនទាន់ឃើញករណី Omicron ដែលត្រូវបានបញ្ជាក់ឲ្យដឹងនៅឡើយទេ ។

សាស្ត្រាចារ្យ Paul Hunter អ្នកជំនាញខាងជំងឺឆ្លងមកពីសាកលវិទ្យាល័យ East Anglia បានប្រាប់ដល់ទូរទស្សន៍ BBC ថាវីរុសបំប្លែងខ្លួនថ្មី Omicron អាចចាប់ផ្តើម “ប្រជែង” នឹងវីរុសបំប្លែងខ្លួន Delta ដែលលេចធ្លោក្នុងរយៈពេលប៉ុន្មានសប្តាហ៍។

គាត់បានលើកឡើងថា វីរុសដែលបំប្លែងខ្លួនថ្មីគឺ “រីករាលដាលលឿនជាងវីរុសផ្សេងៗទៀត” ខណៈដែលអាជ្ញាធរនៅអាហ្រ្វិកខាងត្បូង ដែលជាកន្លែងដែលការផ្លាស់ប្តូរត្រូវបានរកឃើញជាលើកដំបូងបានឲ្យដឹងអំពីការកើនឡើង “យ៉ាងឆាប់រហ័ស”ក្នុងករណីឆ្លង ។

ចក្រភពអង់គ្លេស បានចុះបញ្ជីការដែលមានអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៥១.៤៥៩នាក់ដែលនាំឱ្យចំនួនករណីឆ្លងមេរោគសរុបនៅក្នុងប្រទេសនេះបានកើនឡើងដល់១០.៥១៥.២៣៩នាក់ នេះបើយោងតាមតួលេខផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ។

ប្រទេសនេះក៏បានរាយការណ៍ពីការស្លាប់ដែលទាក់ទងនឹងជំងឺកូវីដ-១៩បន្ថែមទៀតចំនួន៤១នាក់ ។ ចំនួនសរុបនៃការស្លាប់ទាក់ទងនឹងមេរោគឆ្លងនៅក្នុងចក្រភពអង់គ្លេស ឥឡូវនេះមានចំនួន១៤៥.៦៤៦នាក់ ។ តួលេខទាំងនេះរួមបញ្ចូលតែការស្លាប់របស់មនុស្សដែលបានស្លាប់ក្នុងរយៈពេល២៨ថ្ងៃនៃការធ្វើតេស្ដវិជ្ជមានលើកដំបូងរបស់ពួកគេតែប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top