យេរ៉ូសាឡឹម៖ មន្ទីរពេទ្យដ៏ធំបំផុតរបស់អ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា លទ្ធផលបឋមពីការសិក្សារបស់អ៊ីស្រាអែល បានបង្ហាញពីប្រសិទ្ធភាពទាបនៃកម្រិតថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ប្រឆាំងនឹងទម្រង់ឆ្លងអូមីក្រុង ។
នៅក្នុងការសិក្សាដែលបានចាប់ផ្តើមនៅចុងខែធ្នូ បុគ្គលិក ២៧០ នាក់នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba បានទទួលការចាក់វ៉ាក់សាំង Pfizer ឬ Moderna លើកទី៤ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទិន្នន័យនៃការចាក់ថ្នាំបង្ការ និងសរីរវិទ្យារបស់ពួកគេត្រូវបានប្រៀបធៀបទៅនឹងបុគ្គលិកមន្ទីរពេទ្យជាង ៥៧០០នាក់ ដែលមិនបានទទួលការចាក់វ៉ាក់សាំងលើកទី៤ ។
លោកស្រី Gili Regev-Yochay ប្រធានផ្នែកបង្ការ និងគ្រប់គ្រងការឆ្លងនៅ Sheba បានលើកឡើងថា “វាបានប្រែក្លាយថា វ៉ាក់សាំង ដែលមានប្រសិទ្ធភាពខ្លាំងប្រឆាំងនឹងទម្រង់ឆ្លងមុន គឺមិនសូវមានប្រសិទ្ធភាពប្រឆាំងនឹងទម្រង់ឆ្លងអូមីក្រុងនោះទេ” ។
លោកស្រីបានបន្ថែមថា “លទ្ធផលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃកម្រិតអង់ទីគរ ប៉ុន្តែកម្រិតការពារនេះមានប្រសិទ្ធភាពមួយផ្នែកប៉ុណ្ណោះប្រឆាំងនឹងទម្រង់ឆ្លងអូមីក្រុង ដែលមានភាពធន់នឹងថ្នាំវ៉ាក់សាំង”។
រហូតមកដល់ពេលនេះ មនុស្សជាង ៥៣៧,០០០នាក់ត្រូវបានចាក់វ៉ាក់សាំងនៅក្នុងប្រទេសអ៊ីស្រាអែល ជាមួយនឹងការបាញ់ថ្នាំបង្ការលើកទី៤ ដែលភាគច្រើនពួកគេមានអាយុ ៦០ឆ្នាំឡើងទៅ៕
ដោយ ឈូក បូរ៉ា