ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ចិន ស្តីបន្ទោស អាមេរិក ចំពោះការរួមគំនិតគ្នា ដោយគូសបន្ទាត់មនោគមវិជ្ជា ក្បត់នឹងលទ្ធិប្រជាធិបតេយ្យ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក បង្ខំប្រទេសផ្សេងទៀត ឱ្យទទួលយកស្តង់ដារ ប្រជាធិបតេយ្យរបស់ខ្លួន ហើយរួមគ្នាបង្កើតគំនិតផ្តួចផ្តើម ដោយគូសបន្ទាត់មនោគមវិជ្ជា ដែលជាការក្បត់យ៉ាងពិតប្រាកដ ចំពោះលទ្ធិប្រជាធិបតេយ្យ។

យោងតាមរបាយការណ៍ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី៤ នៃកិច្ចសន្ទនាសន្តិសុខ Quadrilateral (Quad) រដ្ឋមន្ត្រីការបរទេស នៅប្រទេសអូស្ត្រាលី។ នៅក្នុងសន្និសីទសារព័ត៌មាន តាមរយៈសន្និសីទទូរគមនាគមន៍ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel Kritenbrink បានលើកឡើងថា ផ្នែកមួយនៃកិច្ចពិភាក្សានេះ នឹងទាក់ទងទៅនឹងបញ្ហាប្រឈម ដែលប្រទេសចិន បង្កឡើងចំពោះតម្លៃលទ្ធិប្រជាធិបតេយ្យ និងសណ្តាប់ធ្នាប់អន្តរជាតិ។

អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃថា “លទ្ធិប្រជាធិបតេយ្យ គឺជាតម្លៃទូទៅរបស់មនុស្សជាតិ មិនមែនជាការផ្តាច់មុខ របស់ប្រទេសមួយចំនួននោះទេ។ វាអាស្រ័យលើប្រជាជន នៃប្រទេសមួយក្នុងការសម្រេចចិត្តថា តើប្រទេសនេះមានលទ្ធិប្រជាធិបតេយ្យ ឬអត់”។

លោក បានចង្អុលបង្ហាញថា ទោះបីជាម៉ាកយីហោលទ្ធិប្រជាធិបតេយ្យ ដែលខូចរបស់ខ្លួនក៏ដោយ ក៏សហរដ្ឋអាមេរិក នៅតែបង្ខំប្រទេសផ្សេងទៀត ឱ្យទទួលយកស្តង់ដារ ប្រជាធិបតេយ្យរបស់ខ្លួន ហើយរួមផ្សំគ្នាដោយគូរបន្ទាត់មនោគមវិជ្ជា ដែលជាការក្បត់ យ៉ាងពិតប្រាកដ ចំពោះលទ្ធិប្រជាធិបតេយ្យ។

ដោយកត់សម្គាល់ថា ប្រទេសចិន ផ្តល់ផលប្រយោជន៍ សម្រាប់សណ្តាប់ធ្នាប់ក្នុងតំបន់ លោក ចាវ បានលើកឡើងថា ប្រទេសចិន បន្តស្វែងរកសន្តិភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។ ប្រទេសចិនជំរុញការកសាងប្រព័ន្ធសន្តិសុខ ប្រកបដោយសមធម៌ បើកចំហ និងរួមបញ្ចូលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមិនសំដៅប្រឆាំង នឹងប្រទេសទី៣ ណាមួយឡើយ ហើយបដិសេធការបង្កើត នូវឧបាយកលផ្តាច់មុខ និងញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា ក្នុងប្លុកនោះទេ៕ ដោយ ឈូក បូរ៉ា

To Top