ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ក្មេងទំនើង០២ក្រុម កាប់គ្នានៅភ្នំពេញ ត្រូវលំបាកដល់អាវុធហត្ថតាមចាប់មកវិញ ចេញពីខេត្តមួយទៅខេត្តមួយ បាន ០៦នាក់!

កាលពីវេលាម៉ោង 00.26នាទី ថ្ងៃទី 21 ខែសីហាឆ្នាំ 2025 អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ស្តីពីករណីក្មេងទំនើងជាង១០នាក់ បានកាប់គ្នា នៅចំណុចផ្លូវម៉ៅសេទុងកែងផ្លូវមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ហើយគេចខ្លួនបាត់អស់ បន្សល់ទុក ម៉ូតូ01គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1R-8659 ត្រូវបានកាប់បំផ្លាញ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌចំការមន បានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនបានអ្នកពាក់ព័ន្ធម្នាក់ឈ្មោះ លីម បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ដឹកជញ្ជូន។ នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី២១ ខែសីហា​ ឆ្នាំ២០២៥ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ចាម សហការជាមួយ អាវុធហត្តខេត្តកំពង់ចាម និងកម្លាំងជំនាញ អាវុធហត្ថស្រុកកងមាស រកឃើញអ្នកពាក់ព័ន្ធ ចំនួន ០៣នាក់បន្ថែម ១-ឈ្មោះ ម៉ៅ រិទ្ធធា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូន, ២-ឈ្មោះ លីម សៀវម៉េង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូន, ៣-ឈ្មោះ ហេង រិទ្ធិសាក់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូន។

នៅវេលាម៉ោង ១៣និង៣០នាទី ក្នុងថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០២៥ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានបន្តពន្លាតដែនសមត្ថកិច្ចដល់ខេត្តតាកែវ ដោយសហការណ៍ ជាមួយកម្លាំងជំនាញ កងរាជអាវុធហត្ថ​ខេត្តតាកែវ​ និង អាវុធហត្ថក្រុងដូនកែវ រកឃើញអ្នកពាក់ព័ន្ធម្នាក់ទៀត ឈ្មោះ ជុំ សុមុន្នី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូន។

ផ្ទាំងពាណិជ្ជកម្ម

នៅវេលាម៉ោង១៦និង៤០នាទី ក្នុងថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០២៥ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ រកឃើញអ្នកពាក់ព័ន្ធម្នាក់ទៀត ឈ្មោះ ធា លីហ័ង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ព្រមជាមួយដាវ ០១ដើម នៅបន្ទប់ជួល ចំណុចផ្លូវនរោត្តម ភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ក្រោមវិធានការជំនាញ ក្មេងទំនើងទាំង០៦នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានពាក់ព័ន្ធ ក្នុងអំពើហិង្សាទៅវិញទៅមក និងធ្វើឲ្យខូចខាត ដោយចេតនានូវម៉ូតូចំនួន ០១គ្រឿង ដូចការរៀបរាប់ខាងលើ ប្រាកដមែន។

ក្មេងទំនើងទាំង០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធ ក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

To Top