DAP News

សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីកម្ពុជា ៖ ខ្ញុំមិនដែលប្រកាសបិទសេដ្ឋកិច្ច សូម្បីតែមួយដង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានអះអាងថា សម្តេចមិនដែលប្រកាសបិទ សេដ្ឋកិច្ច មិនឲ្យប្រជាពលរដ្ឋប្រកបរបររកស៊ីប្រចាំថ្ងៃ សូម្បីតែមួយដងណាឡើយ។

ក្នុងពិធីប្រកាសជាផ្លូវការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោបានថ្លែងថា អ្នកបាត់បង់ការងារធ្វើ នៅតាមសហគ្រាស ធុនតូចនិងមធ្យម កាលពីពេលថ្មីៗនេះ បានវិលត្រឡប់ចូលធ្វើការ ជាធម្មតាវិញហើយ គ្មានបញ្ហាអ្វីឡើយ។

សម្ដេចនាយករដ្ឋមន្រ្តីបន្តថា “តាមរយៈសកម្មភាពសិប្បកម្ម តាមរយៈស្ថានភាពភោជនីយដ្ឋាន ការលក់ដូរ ស្អីៗ គឺនៅបន្ត។ខ្ញុំមិនដែលប្រកាសបិទសេដ្ឋកិច្ច ម្ដងណាទេ។មានការរឹតបន្តឹង ទៅលើបញ្ហាទាក់ទិន នឹងវិស័យអប់រំដែលប្រមូលផ្ដុំដោយកុមារដែល យើងមានការបារម្ភ មានការបិទនៅកន្លែងហាត់ប្រាណ បិទនៅខារ៉ាអូខេ ឬក៏ស្អីៗនោះ។ចំណុចអស់ទាំងនេះ ប៉ុន្តែយើងមិនដែលប្រកាសបិទរោងចក្រ យើងក៏មិនដែល ប្រកាសបិទទីផ្សារនោះទេ”។

សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាលបានបោះ ទុន ១០០លានដុល្លារ នៅតាមទីជនបទ ដើម្បីជួយដល់ពលរដ្ឋគ្មានការងារធ្វើ។

សម្ដេចបន្ថែមថា “កាន់តែជាងនេះទៅទៀត ភាព ប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយរបស់យើង នៅពេលនេះ បោះទុន១០០លានដុល្លារ ដាក់ទៅជនបទ អ្នក បាត់បង់ការងារធ្វើ ក៏អាចរកការងារ ធ្វើនៅទីនោះបាន ដែរ”។

ជាមួយគ្នានោះ សម្ដេចបន្ថែមទៀតថា បណ្ដាគម្រោង មួយចំនួនដែលកម្ពុជាកំពុងសាងសងផ្លូវ ដោយក្រុម ហ៊ុននានា ជាពិសេសក្រុមហ៊ុនរបស់ចិន កំពុងដំណើរការជាធម្មតា មិនមានការបញ្ឈប់នោះទេ។ ដូច្នេះពលរដ្ឋខ្មែរ នៅតែមានការងារធ្វើ ជាធម្មតា ដដែល។

ក្នុងឱកាសនោះសម្ដេចនាយករដ្ឋមន្រ្តី ក៏បានប្រាប់ឲ្យក្រសួងផែនការ បន្តធ្វើបច្ចុប្បន្នភាព កំណត់គ្រួសារក្រីក្របន្ថែមទៀត។

សម្ដេចបន្តថា “ចំណុចនេះខ្ញុំសូមបញ្ជាក់បន្តិច ឥឡូវនេះ មានត្រឹម៥៦ម៉ឺនគ្រួសារទេ!ក៏ប៉ុន្តែខេត្តនីមួយៗ តាមរយៈក្រសួងផែនការ ត្រូវតែធ្វើបច្ចប្បន្នភាពបន្ត ទៀតនូវចំនួនអ្នកក្រីក្រដែលអាចនឹងកើនឡើង ។ ត្រូវធ្វើកិច្ចការងារនេះឲ្យបានម៉ត់ចត់ កុំភ្លេចថា អត្រានៃភាពក្រីក្ររបស់យើង បានធ្លាក់ចុះមកនៅក្រោម ១០ភាគរយតិច”។

សម្ដេចសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលកូវីដ១៩នេះ អាចធ្វើឲ្យអ្នកឆ្លងផុតបន្ទាត់ភាពក្រីក្រ ធ្លាក់មកនៅក្រោមភាពក្រីក្រវិញ។

សម្ដេចតេជោបញ្ជាក់ថា ក្នុងរយៈពេល២ខែទៀត ក្នុងស្ថានភាពមិននឹងនរនៃសេដ្ឋកិច្ច ចំនួនគ្រួសារក្រីក្រ អាចនឹងកើនឡើង១០ម៉ឺន ទៅ២០ម៉ឺនគ្រួសារបន្ថែម ទៀត ខណៈសព្វថ្ងៃមានគ្រួសារក្រីក្រចំនួន៥៦ម៉ឺន ដែលរាជរដ្ឋាភិបាលត្រូវត្រៀមចំណាយទុនថែមទៀតផងដែរ។

នាយករដ្ឋមន្រ្តីបន្ថែមថា ពលរដ្ឋមានសិទ្ធិដាក់ពាក្យស្នើសុំជំនួយឧបត្ថម្ភទៅអាជ្ញាធរមានសមត្ថកិច្ច បានគ្រប់ពេល (ក្នុងករណីគ្រួសារមានជីវភាពក្រីក្រតែ ប៉ុណ្ណោះ) ហើយអាជ្ញាធរត្រូវពិនិត្យឲ្យបានច្បាស់ ពី ស្ថានភាពជីវភាពក្រីក្ររបស់ពួកគេមុនផ្ដល់ការឧបត្ថម្ភ ។

លើសពីនេះទៀត សម្ដេចបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល បានបញ្ចេញថវិកាសរុបចំនួន ១២៥លានដុល្លាររួចហើយ ដើម្បីជួយដល់គ្រួសារក្រីក្រ ខណៈ១ខែចំណាយអស់២៥លានដុល្លារ នឹងត្រៀមបញ្ចេញថវិកាបន្ថែមទៀត បើកូវីដ១៩ នៅអូស បន្លាយរយៈពេលយូរនោះ ៕ ដោយ៖ ធី លីថូ

To Top