ព័ត៌មានជាតិ

រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ជួបសំណេះសំណាល និងនាំយកអំណោយប្រគល់ជូនដល់គ្រួសារក្រីក្រ១ចំនួន ៤០០គ្រួសារ ដែលអញ្ជើញមកពីសង្កាត់ចំនួន៣ ក្នុងក្រុងស្ទឹងសែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ

កំពង់ធំ៖ លោក អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង លោក ឡុង គឺសឹង អភិបាល នៃគណៈអភិបាលក្រុងស្ទឹងសែន ព្រមទាំងក្រុមការងាររដ្ឋបាលក្រុងស្ទឹងសែន ចៅសង្កាត់ទាំង៣ បានអញ្ជើញក្នុងពិធីចែកស្បៀង ជូនប្រជាពលរដ្ឋក្រីក្រកំរិត១ ចំនួន៤០០គ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ !ដែលមានទីតាំង ស្ថិតនៅបរិវេណវត្តសែនសេរី (ហៅវត្តក្តីសែន) សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនេះលោក ឡុង គឺសឹង អភិបាល នៃគណៈអភិបាលក្រុងស្ទឹងសែន បានលើកឡើងពីកិច្ចខំប្រឹងប្រែង ដោះស្រាយនូវ ទុក្ខលំបាក និងបញ្ហាប្រឈមក្នុងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជនងាយរងគ្រោះ មានចាស់ជរា ស្រ្តីមេម៉ាយ ជាពិសេសគ្រួសារក្រីក្រ១ នាពេលនេះ ដែលមានចំនួន៤០០គ្រួសារ ដើម្បីឱ្យពួកគាត់បានដោះស្រាយជីវភាពបានមួយកម្រិតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។

ក្នុងពិធីសំណេះសំណាលនេះផងដែរលោក អេង ទូច បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនទាំងអស់របស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ គឺត្រូវបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងអាជ្ញាធរ និងប្រជាពលរដ្ឋយល់ដឹងពីបញ្ហាពិតប្រាកដនៅមូលដ្ឋាន។ ផ្តល់ជំនួយឬដោះស្រាយបញ្ហាបានទាន់ពេលវេលា លើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋជូនពួកគាត់ឱ្យបានលឿនបំផុត។

ជាចុងក្រោយលោក អេង ទូច បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋគឺត្រូវរក្សាសុខភាពឱ្យបានល្អ ពិសេសរក្សាអនាម័យបីប្រការ(ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត) ព្រោះរដូវនេះជារដូវក្តៅ។ អាជ្ញាធរមូលដ្ឋានមានការយល់ដឹងអំពីជីវភាពរស់នៅ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកទឹកចិត្តឱ្យមានភាពរួបរួម និងសាមគ្គីភាពក្នុងសង្គម។ ផ្តល់កម្លាំងចិត្ត ការលើកទឹកចិត្ត និងការធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើការដឹកនាំ។ ជួយបង្កើនការយល់ចិត្តគ្នា និងបង្កើតសង្គមមួយដែលមានការយកចិត្តទុកដាក់ និងការចែករំលែកគ្នាទៅវិញទៅមក៕ដោយសំនៀង

To Top