DAP News

សេដ្ឋកិច្ច

៣សប្ដាហ៍ នៃខែមិថុនា ភ្ញៀវទេសចរ ជាង៤៥ម៉ឺននាក់ ចេញទស្សនាតាម រមណីយដ្ឋាននានា

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា គិតក្នុងរយៈពេល៣សប្តាហ៍ នៃខែមិថុនា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរសរុបចំនួន ៤៥២,៦៩២ នាក់ បានចេញទស្សនាកំសាន្តតាម រមណីយដ្ឋាននានានៅទូទាំងប្រទេស បើធៀបនឹង រយ:ពេល៣សប្តាហ៍នៃខែឧសភា កើនឡើង ៧.២៤ភាគរយ។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២០លោកថោង ខុន បានថ្លែងថា ក្នុងចំណោមភ្ញៀវទេសចរទាំងអស់មានភ្ញៀវជាតិចំនួន ៤៤១,៣៩៧នាក់ កើនឡើង៦.៦១% និងភ្ញៀវអន្តរជាតិមានចំនួន១,២៩៥ នាក់ កើនឡើង ៣៩.៣៤%។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ខេត្តតំបន់ឆ្នេរ (ពិសេសខេត្តកំពត និងកែប) នៅតែជាគោលដៅទេសចរណ៍សំខាន់ ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជិត ៥០% នៃទេសចរផ្ទៃក្នុងសរុប)។ ចំណែកឯខេត្តសៀមរាប ក៏នៅតែបន្តបង្ហាញសញ្ញានៃការងើបឡើងជាបណ្តើរៗ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ពិសេសសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន បានបើកដំណើរការអាជីវកម្មឡើងវិញជាធម្មតាផងដែរ។

លោកបន្ថែមថា ជាមួយការបន្តងើបឡើងវិញនូវចលនាទេសចរណ៍ផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍បានពង្រឹងកិច្ចសហការ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម ៦ ប្រភេទ ដើម្បីទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលរួមមានសេវាស្នាក់នៅ ភោជនីយដ្ឋាន ការដឹកជញ្ជូនទេសចរណ៍ផ្លូវគោក ការដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ជាដើម៕ដោយ៖ធី លីថូ

To Top