DAP News

សេដ្ឋកិច្ច

ធនាគារពិភពលោក អនុម័តឥណទាន ៩៣លានដុល្លារ សម្រាប់គម្រោង បែងចែកដី សង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន៣ នៅកម្ពុជា

ភ្នំពេញ ៖ ក្រុមប្រឹក្សាភិបាល នៃធនាគារពិភពលោក បានអនុម័តឥណទាន ៩៣លានដុល្លារ ពី សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោង «បែងចែកដីដើម្បី សង្គមកិច្ច និងការអភិ វឌ្ឍសេដ្ឋកិច្ចជំហាន៣» (LASED III) នៅប្រទេសកម្ពុជា។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ ធនាគារពិភពលោក ចេញផ្សាយនាពេលថ្មីៗនេះថា «គម្រោងនេះនឹងជួយបង្កើនសុវត្ថិភាព សិទ្ធិកាន់កាប់ដីធ្លី និងការទទួលបាន ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកសិកម្ម និងសង្គមសម្រាប់ ប្រជាជនក្រីក្រគ្មានដី និងសហគមន៍ជនជាតិ ដើមភាគ តិចនៅកម្ពុជា»។

ធនាគារពិភពលោក បន្ដថា ការជួយឲ្យកសិករខ្នាតតូច និងសហគមន៍ជនបទ មានលទ្ធភាពប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ តាមរបៀបមួយមានចីរភាព និងឋិតថេរយូរអង្វែង គឺជាផ្នែក ស្នូលមួយនៃយុទ្ធសាស្ត្រ កាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនេះ រដ្ឋាភិបាល បានបង្កើតឡើង នូវក្របខណ្ឌច្បាប់ សម្រាប់ការធ្វើសម្បទានដីសង្គមកិច្ច ដែលពង្រីកសិទ្ធិកាន់ កាប់ដីធ្លីសម្រាប់ជនក្រីក្រ គ្មានដីនៅតាមទីជនបទ។

ទន្ទឹមគ្នានេះ រដ្ឋាភិបាល ក៏លើកកម្ពស់ផងដែរ នូវការផ្តល់សិទ្ធិកាន់កាប់ដីធ្លី សហគមន៍ជន ជាតិដើមភាគតិច ដើម្បីពង្រឹងពង្រីកសិទ្ធិរបស់ពួកគេ នៅក្នុងការកាន់កាប់ដីធ្លី។ ចាប់តាំងពី ឆ្នាំ២០០៨ មក គម្រោង LASED ជំហាន១ និងជំហាន២ ដែលទទួលបាន ការឧបត្ថម្ភតាមរយៈ ធនាគារពិភពលោក បានគាំទ្រកម្មវិធី សម្បទានដីសង្គមកិច្ច ក្នុងគោលដៅជំរុញឲ្យ មានការបែងចែក ដីដល់ជនក្រីក្រ តាមដំណើរការមួយមានចីរភាព និងតម្លាភាពឈានទៅ សម្រេចបានជោគជ័យ។

ប្រភពដដែលបន្ថែមថា គម្រោងទាំងនេះ បានជួយដល់ការអភិវឌ្ឍផ្លូវជនបទ ការកសាងប្រព័ន្ធ ធារាសាស្ត្រខ្នាតតូច ការសាងសង់សាលាបឋមសិក្សា ប៉ុស្តិ៍សុខភាព ផ្តល់ការបណ្តុះបណ្តាល បច្ចេកទេសកែលម្អការដាំដុះ និងជួយគាំទ្រដល់ការបង្កើត ឲ្យមានសេវាកាន់តែច្រើន ទៀត សម្រាប់កសិករ។ តាមរយៈគម្រោង ទាំងពីរដំណាក់កាលមកនេះ កម្ពុជាបានបែងចែកដីធ្លីចំនួន ១៧០០០ហិកតា សម្រាប់សង់លំនៅឋាន និងធ្វើការដាំដុះ ដល់គ្រួសារគ្មានដី និងគ្រួសារខ្វះដី ចំនួនជាង ៥០០០គ្រួសារ ក្នុងនោះមានជាង ៣៣៦០គ្រួសារ ទទួលបានបណ្ណកម្មសិទ្ធិដីធ្លី រួចហើយ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោក ប្រចាំនៅកម្ពុជា មានប្រ សាសន៍ថា «លទ្ធភាពទទួលបានដីធ្លី និងការផ្តល់សេវា និងការបណ្តុះបណ្តាល បច្ចេកទេស កសិកម្ម ដើម្បីបង្កើនផលិតភាព កសិកម្ម ក៏ដូចជា ការទទួលបាន សេវាសាធារណៈល្អប្រសើរ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាជនក្រីក្រ ដែលរស់នៅតាមទីជនបទ»។

លោកស្រីបន្ថែមថា គម្រោង LASED ជំហាន៣ នេះ នឹងបន្តជួយរដ្ឋាភិបាលក្នុងការផ្តល់ដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លី ដល់គ្រួសារគ្មានដី និងគ្រួសារខ្វះដី និងធានាឲ្យមានសន្តិសុខផ្នែកសិទ្ធិ កាន់កាប់ដីធ្លី សម្រាប់សហគមន៍ ជនជាតិដើមភាគតិច នៅតាមតំបន់គោលដៅ របស់គម្រោងនេះ៕

ដោយ ៖ អេង ប៊ូឆេង

To Top