ភ្នំពេញ៖ការនាំចេញអង្ករ ៧ខែ កន្លងមក បានចំនួន ៤២៦ ០៧៣ តោន កើនឡើង ចំនួន ១១៨ ០៦០ តោន ស្មើនឹង៣៨,៣៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩។ យោងតាមលទ្ធផលនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានសន្និដ្ឋានថា ការនាំចេញអង្កររបស់កម្ពុជាក្នុងឆ្នាំ២០២០ នឹងអាចឈានដល់ ៨០០ ០០០ តោន ។
ក្នុងឱកាសអញ្ជើញចូលរួមប្រជុំ ពិនិត្យតាមដាន អំពីស្ថានភាពនៃការបង្កបង្កើនផលស្រូវរដូវវស្សា ការប្រមូលផលស្រូវដើមរដូវ និងការនាំចេញអង្ករ ឆ្នាំ២០២០ របស់ក្រុការងារ ក្នុងក្របខ័ណ្ឌ គ.ស.ហ ក្រោមអធិបតីភាព លោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីតាមដាន និងត្រួតពិនិត្យការអនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ។កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានមើលឃើញថា ជារួមគិតត្រឹមខែសីហានេះ កសិករបានធ្វើការដាំដុះស្រូវរដូវវស្សា បានលឿនជាង បើធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៩។ ការប្រមូលផលស្រូវស្រាលនៅដើមរដូវនេះ ទទួលបានទិន្នផលជាមធ្យម ៤តោន ក្នុង១ហិកតា។
ស្ថានភាពទឹកទន្លេឆ្នាំនេះទាបជាង ឆ្នាំ២០១៩ ដែលរហូតមកដល់ពេលនេះ ទឹកមិនទាន់ចូលដល់តំបន់ធ្វើស្រូវប្រដេញទឹកនៅឡើយទេ ហេតុនេះកសិករអាចប្តូរពីការដាំដុះស្រូវប្រដេញទឹក មកដាំដុះស្រូវរដូវវស្សាវិញ ដែលអាចបង្កើនរដូវដាំដុះបន្ថែម និងធ្វើឲ្យផ្ទៃដីដាំដុះស្រូវរដូវវស្សាកើនឡើងច្រើនជាងមុន។ យោងតាមលទ្ធផលនៃការបង្កបង្កីនផលនេះ ប្រទេសកម្ពុជាអាចធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ និងបម្រើឲ្យការនាំចេញអង្ករបានតាមការគ្រោងទុក បើទោះបីភ្លៀងបានធ្លាក់ដើមរដូវ តែក្រោយមកជួបនូវគ្រោះរាំងស្ងួត ដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទៃដីដាំដុះស្រូវសែនក្រអូបមួយចំនួនក៏ដោយ ។
ការប្រមូលផលស្រូវស្រាល (សែនក្រអូប និងអ៊ីអ៊ែ) ដើមរដូវឆ្នាំនេះ មានការយឺតយ៉ាវជាងឆ្នាំ២០១៩ បង្កឡើងដោយគ្រោះរាំងស្ងួតជាហេតុនាំឲ្យល្បឿននៃការដាំដុះយឺតយ៉ាវ និង ស្រូវដែលរងផលប៉ះពាល់ខ្លាំងដែលតម្រូវឲ្យកសិករភ្ជួរចោល និងដាំដុះឡើងវិញមួយចំនួន ហើយការប្រមូលផលនឹងត្រូវអូសបន្លាយរហូតដល់ ខែតុលា វិច្ឆិកា និងខែធ្នូ ព្រមគ្នាជាមួយនឹងការប្រមូលផល ស្រូវផ្កាម្លិះ-ផ្ការំដួល ។
ការនាំចេញអង្ករ ៧ខែ កន្លងមក បានចំនួន ៤២៦ ០៧៣ តោន កើនឡើង ចំនួន ១១៨ ០៦០ តោន ស្មើនឹង៣៨,៣៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩។ យោងតាមលទ្ធផលនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានសន្និដ្ឋានថា ការនាំចេញអង្កររបស់កម្ពុជា ក្នុងឆ្នាំ២០២០ នឹងអាចឈានដល់ ៨០០ ០០០ តោន ។
ហេតុនេះដើម្បីសម្រេចបាននូវគោលដៅនាំចេញអង្ករ ៨០០ ០០០ តោន សហព័ន្ធស្រូវអង្ករកម្ពុជា បានស្នើសុំនូវការគាំទ្រជាឥណទាន ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៣០ លានដុល្លារ បន្ថែមទៀត តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និងស្នើសុំប្រើប្រាស់ឥណទានក្រោមកម្មវិធីនេះសម្រាប់រយៈពេល១២ខែ។





