ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញដល់យុវជនខ្មែរ ត្រូវខិតខំរៀនសូត្រជំនាញបច្ចេកទេសវិជ្ជាជីវៈសម្រាប់បំពេញការងារ នៅក្នុងខេត្តព្រះសីហនុ ដែលមានរោងចក្រ សហគ្រាសដែលប្រើប្រាស់កម្មករជំនាញ បច្ចេកទេសប្រើដោយ រ៉ូបូ ផលិតកង់ឡាន រោងចក្រនេះ មិនអាចមានតែកម្មករធម្មតាធ្វើការបានទេ ដូច្នេះយើង ត្រៀមខ្លួនបំពេញ សេចក្តីត្រូវការនៃអភិវឌ្ឍន៍ ហើយក៏អាចផ្ដល់សញ្ញា ដល់កសិករ ដែលជាអ្នកផលិតកសិផល ដើម្បីផ្គត់ផ្គង់ទៅដល់រោងចក្រ។
ក្នុងឱកាស អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងចុះពិនិត្យទីតាំង សាងសង់រោងចក្រផលិតសំបកកង់រថយន្ត និងដំណើរការចង្វាក់ផលិតកម្ម របស់រោងចក្រផលិតគ្រឿងសង្ហារឹម និងរោងចក្រផលិតបន្ទះសូឡា នៅក្នុង បរិវេណតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ លោក គួច ចំរើន បានលើកឡើងនូវភាពជាក់ស្ដែងថា អ្នកដាំកៅស៊ូនៅកម្ពុជា នៅពេលមានរោងចក្រ ផលិតសំបកកង់រថយន្ត ត្រូវការជ័រកៅស៊ូក្នុងមួយថ្ងៃរហូតដល់ ៣០០តោនក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងរោងចក្រ ដូច្នេះមិនចង់ឱ្យមាន ការនាំចូលវត្ថុធាតុដើម ពីក្រៅប្រទេស ព្រោះកម្ពុជាជាប្រទេសកសិកម្ម យើងមានសក្តានុពល ហើយទឹកដីមួយចំនួនត្រូវធ្វើ ការកែប្រែស្ថានភាពពីធ្វើស្រែ ដីមកជាការដាំដុះកៅស៊ូ។
លោក អភិបាលខេត្ត បានបន្តថា រោងចក្រផលិតកង់ឡាន ផលិតផលសូឡា សុទ្ធតែប្រើដោយរ៉ូបូត គ្រាន់តែតម្រូវការនៃ ប្រទេសនីមួយៗ មានភាពខុសគ្នាលទ្ធកម្មផ្គត់ផ្គង់ ទៅតាមលទ្ធភាព និង សមត្ថភាព ដែលអាចធ្វើទៅបាន។ការផលិតរបស់សុទ្ធសឹងតែនាំទៅអឺរ៉ុប និងអាមេរិក ទោះបីជាប្រទេសទំនើបក៏នៅតែត្រូវការ ផលិតផលពីកម្ពុជា យើងក៏ត្រូវការផលិតផលរបស់គេត្រឡប់មកវិញផងដែរ គឺជាផលិតផលបំពេញបន្ថែម។
ក្នុងដំណើរចុះពិនិត្យនោះ លោក គួច ចំរើន បានចុះទៅគម្រោងបង្កើតរោងចក្រ ផលិតសំបកកង់រថយន្ត ដែលកំពុងសាងសង់លើផ្ទៃដី ២៨ហិកតា ជំហ៊ានទី១ សាងសង់លើផ្ទៃដី ១០ហិកតា សាងសង់បាន៦០ភាគរយ និងតំឡើងមាស៊ីនបាន ៥ភាគរយ បំពាក់ម៉ាស៊ីន ៥ជួរ ក្នុងនោះ ៣ជួរជាម៉ាស៊ីនស្វ័យប្រវត្តិមិនចាំបាច់ប្រើមនុស្ស និង ២ជួរផ្សេងទៀត ប្រើប្រាស់កម្លាំងពលកម្ម រោងចក្រត្រូវ ការកម្លាំងពលកម្មចំនួន១៥០០នាក់ ដំណាក់កាលតំបូងអាច ផលិតសំបករថយន្តប្រភេទឡានតូច ១៥០០០គ្រឿង ក្នុងមួយថ្ងៃ ក្នុងកង់មួយអាចប្រើពេល ៣៨វិនាទី ដោយឡែកសំបកកង់ឡាណធំអាចផលិតបាន ២៥០០ក្នុងមួយថ្ងៃ ក្នុងសំបកមួយអាចប្រើពេល ៦០វិនាទី។
ចំពោះការប្រើប្រាស់វត្ថុធាតុដើម កៅស៊ូ ៣០០តោន វត្ថុធាតុដើមនាំចូលពីប្រទេសថៃនិងម៉ាឡេស៊ី។ បច្ចុប្បន្នក្រុមហ៊ុនមាន រោងចក្រ នៅប្រទេសចិននិងប្រទេសថៃ ហើយសំបកកង់ដែលផលិតរួចនាំទៅកាន់សហរដ្ឋអាមេរិក។
ដំណើរបន្ទាប់លោកអភិបាលខេត្ត ក៏បានទៅពិនិត្យរោងចក្រផលិតបន្ទះសូឡា និងបន្តទៅពិនិត្យមើលរោងចក្រ ផលិតគ្រឿងសង្ហារឹម៕