បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ស្រែថា ថាវីស៊ីន បានបន្តកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនអាមេរិកឈានមុខគេក្នុងសប្តាហ៍នេះ ដោយបានពិភាក្សាជាមួយប្រធានក្រុមហ៊ុន Tesla គឺមហាសេដ្ឋី Elon Musk តាមរយៈសន្និសីទពីចម្ងាយកាលពីថ្ងៃពុធ និងជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft នៅថ្ងៃព្រហស្បតិ៍។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងការសន្ទនាជាមួយលោក Musk នាយករដ្ឋមន្ត្រីថៃបានសម្តែងការប្តេជ្ញាចិត្តក្នុងការសហការ និងជំរុញឱកាសវិនិយោគនៅក្នុងប្រទេសថៃ ជាពិសេសក្នុងវិស័យយានជំនិះអគ្គិសនី (EV) និងការរុករកអវកាស ហើយបានកោតសរសើរចំពោះចក្ខុវិស័យរួមសម្រាប់ការលើកកម្ពស់មនុស្សជាតិ និងពិភពលោកកាន់តែស្អាតឆ្ពោះទៅកាន់ភាពភ្លឺស្វាងនៅពេលអនាគត។
លោក ស្រែថា បានសង្កត់ធ្ងន់ថា លោករំពឹងថា ការជួបគ្នានេះនឹងទទួលបានជោគជ័យ មិនត្រឹមតែសម្រាប់ប្រទេសថៃប៉ុណ្ណោះទេ ថែមទាំងសម្រាប់សហគមន៍ពិភពលោកផងដែរ ដោយសារតម្លៃទីផ្សារខ្ពស់នៃការសហការគ្នាក្នុងវិស័យ EV និងការរុករកអវកាស។
ក្រុមការងារ Tesla បានសាទរចំពោះសក្តានុពលធនធានមនុស្សរបស់ប្រទេសថៃ ដែលសមស្របនឹងផែនការវិនិយោគរបស់ក្រុមហ៊ុន Tesla ហើយបានកត់សម្គាល់ថា រដ្ឋាភិបាលថៃ និងទីភ្នាក់ងារពាក់ព័ន្ធបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រ និងក្របខ័ណ្ឌច្បាប់សម្រាប់អត្ថប្រយោជន៍នៃការវិនិយោគនៅក្នុងតំបន់ទាំងនេះ។
នៅក្នុងជំនួបនៅសហរដ្ឋអាមេរិកជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Microsoft នាយករដ្ឋមន្ត្រីថៃ បានចាប់ផ្តើមដោយថ្លែងអំណរគុណដល់ក្រុមហ៊ុន Microsoft សម្រាប់កិច្ចសហប្រតិបត្តិការ និងការវិនិយោគយូរអង្វែងនៅក្នុងប្រទេសថៃ ដោយបង្ហាញពីសក្តានុពលសម្រាប់ប្រទេសថៃក្នុងការក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់ និងជាមជ្ឈមណ្ឌលទិន្នន័យសម្រាប់តំបន់៕
ប្រែសម្រួលៈ ណៃ តុលា