DAP News

សេដ្ឋកិច្ច

សមាគម CEMEA រៀបចំផែនទី​ បង្ហាញផ្លូវ ដើម្បីឆ្ពោះទៅមុខ

ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំសមាគម សហគ្រិនសារព័ត៌មាន សេដ្ឋកិច្ចកម្ពុជា (CEMEA) បានបើកកិច្ចប្រជុំ ដើម្បីរៀបចំផែនទី បង្ហាញផ្លូវឆ្ពោះទៅមុខ តាមផែនការ និងយុទ្ឋសាស្រ្តរបស់ខ្លួន ។

អ្វីដែលជាផែនការ យុទ្ឋសាស្រ្តរបស់ CEMEA គឺផ្តោតលើការរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយ ព័ត៌មាន ដែលមានភាពចម្រុះ ផ្នែកសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ លឿនរហ័ស ប្រកបដោយមូលដ្ឋានវិជ្ជាជីវៈ និងអាចទុកចិត្តបានដល់សាធារណៈ និងអ្នកវិនិយោគជាតិ អន្តរជាតិ ។

លោកយិន លាងគង់ ប្រធានសមាគម សហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍ បន្ទាប់ពីកិច្ចប្រជុំ នាព្រឹកថ្ងៃទី០២ ខែមេសានេះថា ការរៀបចំផែនការលំអិត លើផែនការ និងយុទ្ឋសាស្រ្ត របស់សមាគម ពិតជាមានសារៈសំខាន់ណាស់ ប្រៀបដូចជាយើងមានផែនទី បង្ហាញផ្លូវថា យើងត្រូវដើរទៅណា ក្នុងគោលដៅអ្វី និងចង់សម្រេចបានលទ្ឋផលអ្វី នាពេលខាងមុខ ។

លោកបន្តថា “បរិបទនេះ ការផ្តោតលើការផ្សព្វផ្សាយ ពីព័ត៌មានសេដ្ឋកិច្ច ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួច” ។

លោកបន្តថា “យើងក៏គាំទ្រនូវគោលនយោនយោបាយ របស់រដ្ឋាភិបាល ក្នុងការរុញប្រទេសឆ្ពោះទៅកាន់ឋានៈ ជាប្រទេសមានប្រាក់ ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០” ។

ថ្នាក់ដឹកនាំសមាគម ដែលបានចូលរួមប្រជុំមាន លោកយិន លាងគង់ សហស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea& Cambodiafinancialtimes.com លោក អ៊ុំ សារ៉ាវុធ ស្ថាបនិកគេហទំព័រ CFN លោក កៃ គឹមសុង សហស្ថាបនិកគេហទំព័រ Amazadia Education លោក សយ សុភា និពន្ឋនាយកសារព័ត៌មាន ដើមអំពិល លោកលីម ឡាយហ៊ត ស្ថាបនិកគេហទំព័រASEAN Properties លោកស្រីហាន សូជីន ស្ថាបនិក ព្រឹត្តិសកល លោកស្រីអេង ស្រីទៀង និពន្ឋនាយកសារព័ត៌មានដំរី លោក នុត ផាន់ណា តំណាងគេហទំព័រCambodiafinancialtimes.com លោកនួន សុថេរ៉ូ សហស្ថាបនិកគេហទំព័រ Amazadia Education ជាដើម ៕

គង់ សុរិយា

To Top