កម្សាន្ត

ភីអិនអិន បង្កើតកម្មវិធី សប្បុរសធម៌ ដោយមានការចូលរួម យ៉ាងពិសេស ពីតួអង្គក្នុងរឿង តួគេ ខ្ញុំសម្តែង

ភ្នំពេញ៖ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានបង្កើតនូវភាពសប្បាយរីករាយជួបជុំគ្នា នៅក្នុងកម្មវិធីសប្បុរសធម៌ នៅឯមណ្ឌលកុមារកំព្រាភ្នំពេញថ្មី ដែលស្ថិតនៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយមានការចូលរួមយ៉ាងពិសេស ពីថ្នាក់ដឹកនាំ និងក្រុមកាងារ ស្ថានីយទូរទស្សន៍ភីអិនអិន រួមទាំងអ្នកនិពន្ធជើងចាស់ និងជាផលិតករ អ្នកស្រី ពាន់ ភួងបុប្ផា រួមទាំងតារាៗ កិត្តិយសដែលជាតួអង្គសម្តែងផ្ទាល់នៅក្នុងរឿង “តួគេ ខ្ញុំសម្តែង” ដូចជា កញ្ញា មុនី វិជ្ជរា តួព្រះនាង លំអងច័ន្ទ លោក អេតវីន តួព្រះអង្គម្ចាស់ ហង្សា និងមនោ កញ្ញា ខឹម ឈុនសុធារ៉ា តួព្រះនាងលក្ខលិតា កញ្ញា កែវ សុផានិត តួនាងសារុំា និងតួអង្គផ្សេងទៀត។

ទស្សនិកជនដែលធ្លាប់តែទស្សនាសាច់រឿងនេះ ក៏បានដឹងដែរថា អ្នកនិពន្ធបានបញ្ចូលឈុតឆាកសម្តែងជាកម្មវិធីសប្បុរសធម៌ ប៉ុន្តែនេះមិនមែន ជាការសម្តែងនោះទេ ផ្ទុយទៅវិញ គឺធ្វើឡើងដោយពិតៗ ដែលមើលទៅហាក់ដូចជា នៅក្នុងសាច់រឿងយ៉ាងដូច្នោះដែរ។ ទន្ទឹមនឹងការបង្កើតឱ្យមានទិដ្ឋភាព ដ៏ស្រស់ស្រាយនេះឡើង ក៏មានការនាំយកអំណោយមួយចំនួន ដូចជា យានជំនិះមួយគ្រឿង( រ៉ឺម៉ក់កង់បី ឬហៅថា តុក តុក) សៀវភៅ ប៊ិច សម្ភារៈប្រើប្រាស់ របស់របរផ្សេងទៀត ជូនទៅដល់ប្អូនៗដែលជាកុមារកំព្រា និងកុមារពិការតូចៗ ការលេងហ្គេមសប្បាយៗ ការថតរូបជុំគ្នា និងជាពិសេស ក៏មានការញ៉ុំាអាហារសាមគ្គី ដែលរឹតតែបង្កើត អនុស្សាវរីយ៍ដែលមិនអាចបំភ្លេចចបាន និងការផ្តល់ភាពកក់ក្តៅជាមួយប្អូនៗ រវាងស្ថានីយទូរទស្សន៍ ភីអិនអិន ផលិតករ និងតារាសម្តែងក្នុងរឿងភាគខ្មែរ «តួគេខ្ញុំសម្តែង»។

សូមបញ្ជាក់ថារឿង “តួគេខ្ញុំសម្តែង” កំពុងតែចាក់ផ្សាយនៅលើកញ្ចក់ ទូរទស្សន៍ ភីអិនអិន ចាប់ពីវេលាម៉ោង ៧:៣០នាទីយប់ រៀងរាល់ថ្ងៃចន្ទ ពុធ៕

To Top