ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគម ទូកដឹកទេសចរណ៍ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានលើកឡើងថា នៅសប្តាហ៍ទី៤ ចុងខែធ្នូឆ្នាំ២០១៩ សមុទ្រស្ងប់ខ្យល់ គ្មានរលក បង្កលក្ខណៈងាយស្រួល ដល់ចរាចរណ៍ តាមផ្លូវសមុទ្រ ពិសេសការធ្វើដំណើរ ទៅលេងកោះ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
ក្នុងនាមសមាគម ទូកដឹកទេសចរណ៍ លោកឧកញ៉ា ទៀ វិចិត្រ រំពឹងទុកថា ជាមួយនឹងធាតុអាកាសល្អ នាពិធីបុណ្យឆ្លងឆ្នាំសកលនេះ ចំនួនភ្ញៀវទេសចរជាតិ និងអ្នកទេសចរបរទេស នឹងមកលេងកំសាន្តច្រើន នៅខេត្តព្រះសីហនុ ហើយចំនួនអ្នកទៅលេងកំសាន្ត នៅតាមកោះក៍អាចកើនឡើងដែរ ។
ដូចគ្នានេះដែរ មន្ត្រីនគរបាលទេសចរណ៍ ដែលប្រចាំការ នៅតាមកំពង់ផែទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ក៏បានឲ្យដឹងដែរថា ប៉ុន្មានថ្ងៃនេះ ជាទូទៅនៅលើផ្ទៃសមុទ្រ មិនមានខ្យល់ ឬរលកខ្លាំង ដូចកាលពីដើមខែធ្នូ កន្លងទៅនោះទេ ហើយស្ថានភាពនេះ បើបន្តរហូតដល់ថ្ងៃឆ្លងឆ្នាំ គឺពិតជាអំណោយផល ដល់អ្នកទេសចរណ៍ ដែលធ្វើដំណើរ តាមទូក ឬអូប័រ ទៅលេងកោះ ដោយមិនព្រួយបារម្ភ៕






