កម្សាន្ត

កម្មវិធី K-POP World Festival នៅកម្ពុជា ប្រចាំឆ្នាំ២០២១ បិទបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ កាលពីថ្ងៃសុក្រទី២៣ ខែកក្កដា ឆ្នាំ២០២១ កម្មវិធី K-POP World Festival នៅកម្ពុជាប្រចាំឆ្នាំ២០២១ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ដោយទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ យុវជនកម្ពុជា ដែលស្រលាញ់ K-POP។ នេះបើតាមស្ថានទូតកូរ៉េប្រចាំកម្ពុជា នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២១។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ដោយស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា និងស្ថិតក្រោមការគ្រប់គ្រង ដឹកនាំកម្មវិធី ពី k’ve Entertainment។ដើម្បីគោរពតាម វិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺ កូវីដ-១៩នៅកម្ពុជា កម្មវិធីនេះត្រូវបានដំណើរការ តាមប្រព័ន្ធអនឡាញ។

នៅក្នុងសន្ទរកថា អបអរសាទររបស់លោក ផាក ហ៊ឹងខ្យង់ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានថ្លែងលើកទឹកចិត្តថា «ខ្ញុំសូមអរគុណដល់ គណៈ កម្មការវាយតម្លៃ ការប្រកួតកម្មវិធី K-POP K’ve Entertainment និងយុវជនកម្ពុជា ដែលមានចំណាប់អារម្មណ៍ខ្ពស់ និងផ្តោតការយកចិត្តទុកដាក់ ចំពោះកម្មវិធី K-POP ហើយបានត្រៀមខ្លួន យ៉ាងស្វាហាប់ បើទោះបីជាមានស្ថានភាពលំបាក ដោយសារជំងឺកូវីដ-១៩ក៏ដោយ» ហើយគាត់ក៏បាន លើកឡើងទៀតថា «កម្មវិធី K-POPនេះ ក៏ជាបណ្តាញដ៏រឹងមាំក្នុងការ ផ្សារភ្ជាប់ទំនាក់ទំនងរវាង យុវជនកូរ៉េ និងយុវជនកម្ពុជា ដែលមានការយល់ដឹង និងចេះរីករាយជាមួយនឹងសម្រស់ សិល្បៈ។

កម្មវិធី K-POPលើកនេះ មាន ចំនួន ៤៥ក្រុមបានដាក់ពាក្យចូលរួមការប្រកួតប្រជែង ហើយក្រុមជ័យលាភីចំណាត់ថ្នាក់ពីលេខ ១ ដល់លេខ ៣ ត្រូវបានជ្រើសរើសតាមរយៈ ការវិនិច្ឆ័យដោយយុត្តិធម៌។ នៅក្នុងកម្មវិធីនេះ ត្រូវបានផ្តល់ជូនសម្រាប់ចំណាត់ ថ្នាក់លេខ ១ នូវទឹកប្រាក់ចំនួន ១,០០០ដុល្លារ លេខ ២ ចំនួន ៥០០ដុល្លារ និងលេខ ៣ ចំនួន ៣០០ដុល្លារ។ លើសពីនេះទៀត រង្វាន់ដូចជា អាល់ប៊ុម K-POP ឈុតម៉ាសបិតមុខ និងសាប៊ូកក់សក់ ត្រូវបានផ្តល់ជូនអ្នកចូលរួមផងដែរ។

នៅក្នុងការប្រកួត K-POP ឆ្នាំនេះ ក្រុមដែលទទួលបានជ័យលាភីកិត្តិយស ក្រុមរាំចម្រុះ ដែលមានសមាជិក ១១នាក់ គឺក្រុមរាំ Dinest។ ក្រុមរាំ Dinest បានបង្ហាញពីក្តីស្រលាញ់ របស់ពួកគេចំពោះ K-POP ដោយនិយាយថា «ចាប់តាំងពីខ្ញុំស្គាល់ក្រុម K-POP និងក្រុម idolកូរ៉េ ចំណង់ចំណូលចិត្តរៀនរាំរបស់ខ្ញុំកើតមានឡើង ហើយមានអារម្មណ៍ថាជីវិតប្រចាំថ្ងៃ ធម្មតារបស់ខ្ញុំ បានផ្លាស់ប្តូរ។ ក្រុមរាំជ័យលាភីនោះក៏បានថ្លែងនូវអារម្មណ៍ជ័យជំនះដែរថា «យើងបានចូលរួមក្នុង ព្រឹត្តិការណ៍នេះ ដើម្បីឳ្យគណៈកម្មការវិនិច្ឆ័យ និងទស្សនិកជនបញ្ជាក់ពីសម្ថភាពរបស់យើង ហើយយើងខ្ញុំសូមថ្លែងអំណរគុណជាអនេក និងរីករាយណាស់ ដែលទទូលបានលទ្ធផលល្អ»។

ករណីក្រុមដែលឈ្នះនឹងត្រូវឆ្លងកាត់ការវិនិច្ឆ័យចុងក្រោយដោយអ្នកជំនាញក្នុង ប្រទេសកូរ៉េ ពួកគេនឹងមានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមប្រកួតជាអន្តរជាតិក្នុង ព្រឹត្តិការណ៍ K-POP World Festival ដែលនឹងប្រារព្ធឡើងតាមអនឡាញនៅឯទីក្រុង ឆាំងវ៉ុនប្រទេសកូរ៉េក្នុងខែតុលា ឆ្នាំនេះ។

វីដេអូទាក់ទងនឹងព្រឹត្តិការណ៍នេះ ត្រូវបានបញ្ចូលទៅក្នុងគណនីហ្វេសប៊ុករបស់ស្ថាត ទូត សាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងគណនីហ្វេសប៊ុករបស់ K’ve Entertainment ដូច្នេះសូមមានចំណាប់អារម្មណ៍ឳ្យបានច្រើន។ យើងសង្ឃឹមថា លោកអ្នកក៏នឹងគាំទ្រ ហើយផ្តោតចំណាប់អារម្មណ៍ខ្ពស់ចំពោះកម្មវិធី K-POP World Festival នៅឆ្នាំក្រោយផងដែរ។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top